ព្រលឹមស្រាងៗ លោកយ៉ូស្វេក្រោកឡើង ហើយនាំគ្នាចេញដំណើរពីស៊ីទីម ជាមួយពួកកូនចៅអ៊ីស្រាអែលទាំងអស់។ លុះមកដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ បីថ្ងៃក្រោយមក ពួកនាយកក៏ដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា៖ «កាលណាអ្នករាល់គ្នាឃើញហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលពួកលេវីជាសង្ឃសែងទៅ អ្នករាល់គ្នាត្រូវចេញពីទីកន្លែងរបស់អ្នក ហើយដើរទៅតាមហិបនោះទៅ តែត្រូវស្ថិតនៅឃ្លាតពីហិបនោះ នៅចម្ងាយប្រមាណពីរពាន់ហត្ថ។ មិនត្រូវចូលទៅជិតឡើយ ដើម្បីឲ្យអ្នកបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក អ្នករាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រោះថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកសង្ឃថា៖ «ចូរលើកយកហិបនៃសេចក្ដីសញ្ញាឆ្លងទៅមុនប្រជាជនទៅ»។ ដូច្នេះ គេក៏លើកយកហិបនៃសេចក្ដីសញ្ញា ហើយទៅមុនប្រជាជន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមលើកតម្កើងអ្នក នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា យើងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ រីឯអ្នក ត្រូវបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញាថា "កាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ ត្រូវចុះទៅឈរស្ងៀមនៅក្នុងទន្លេយ័រដាន់"»។ ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «ចូរមកណេះ ហើយស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។ មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។ ដូច្នេះ ចូររើសយកមនុស្សដប់ពីរនាក់ ពីកុលសម្ព័ន្ធអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ កាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវកាត់ផ្តាច់លែងហូរ ហើយទឹកដែលហូរចុះពីលើមក នឹងបង្គរឡើងជាគំនរ»។
អាន យ៉ូស្វេ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ