មានពួកអ្នកក្រុងយេរូសាឡិមខ្លះនិយាយថា៖ «តើអ្នកនេះមែនទេ ដែលគេរកសម្លាប់នោះ? មើល៍! លោកនិយាយដោយចំហ តែគ្មានអ្នកណាថាអ្វីសោះ តើពួកនាម៉ឺនពិតជាយល់ថា អ្នកនេះជាព្រះគ្រីស្ទមែនឬ? យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។ ដូច្នេះ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «តើអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាឬទេ? ខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ព្រះដែលចាត់ខ្ញុំមក ទ្រង់ពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។ ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ក្នុងចំណោមបណ្តាជន មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ ហើយគេនិយាយថា៖ «កាលណាព្រះគ្រីស្ទយាងមក តើព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬ?» ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកនោះវិញហើយ។ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ពួកសាសន៍យូដានិយាយគ្នាគេថា៖ «តើអ្នកនេះគិតទៅណា បានជាយើងរកមិនឃើញ? តើគិតទៅរកពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រិក ដើម្បីបង្រៀនដល់សាសន៍នោះឬ? តើមានន័យដូចម្ដេច ដែលគាត់និយាយថា "អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញ" ហើយថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបាន" នោះ?» នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ បទគម្ពីរចែងថា "នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក"»។ គឺព្រះអង្គមានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ព្រះអង្គនឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។ ពេលពួកគេបានឮ មានមនុស្សជាច្រើននិយាយថា៖ «លោកនេះ ពិតជាហោរានោះហើយ»។ អ្នកខ្លះទៀតថា៖ «នេះជាព្រះគ្រីស្ទហើយ» តែខ្លះទៀតសួរថា៖ «តើព្រះគ្រីស្ទត្រូវយាងមកពីស្រុកកាលីឡេឬ? តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះព្រះអង្គ។ មានអ្នកខ្លះចង់ចាប់ព្រះអង្គ តែគ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារក៏ត្រឡប់ទៅរកពួកសង្គ្រាជ និងពួកផារិស៊ីវិញ លោកទាំងនោះសួរថា៖ «ហេតុអ្វីបានជាមិនចាប់អ្នកនោះមក?» ពួកកងរក្សាព្រះវិហារឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ដូច្នេះ ពួកផារិស៊ីតបទៅវិញថា៖ «អ្នករាល់គ្នាក៏ចាញ់បោកអ្នកនោះដែរឬ? តើមានអ្នកណាម្នាក់ក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ជឿដល់អ្នកនោះឬទេ? បណ្តាជនទាំងនេះ មិនស្គាល់ក្រឹត្យវិន័យសោះ ដូច្នេះ គេនឹងត្រូវបណ្តាសាហើយ»។ លោកនីកូដេមទៅរកព្រះយេស៊ូវទាំងយប់ ដែលជាពួកផារិស៊ីដែរ មានប្រសាសន៍ទៅគេថា៖ «តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?» គេឆ្លើយតបថា៖ «តើលោកមកពីស្រុកកាលីឡេដែរឬ? ចូរពិចារណាមើលចុះ មិនដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ»។
អាន យ៉ូហាន 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 7:25-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ