យ៉ូហាន 17:13-24

យ៉ូហាន 17:13-24 គកស១៦

ឥឡូវ​នេះ ទូល​បង្គំ​ទៅ​ឯ​ព្រះ‌អង្គ តែ​សេចក្តី​ទាំង​នេះ​ដែល​ទូល​បង្គំ​និយាយ​នៅ​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​អំណរ​របស់​ទូល​បង្គំ​បាន​ពោរ‌ពេញ​នៅ​ក្នុង​គេ។ ទូល​បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដល់​គេ​ហើយ លោកីយ៍​បាន​ស្អប់​គេ ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ ទូល​បង្គំ​មិន​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ព្រះ‌អង្គ​ការពារ​គេ​ពី​អាកំណាច​វិញ។ គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល​បង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​ក្នុង​ពិភព​លោក​ដែរ។ រីឯ​ទូល​បង្គំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត​ដែរ។ ទូល​បង្គំ​មិន​អធិស្ឋាន​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ តាម​រយៈ​ពាក្យ​របស់​គេ​ផង​ដែរ ដើម្បី​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​រួម​មក​តែ​មួយ ដូច​ព្រះ‌វរបិតា​គង់​ក្នុង​ទូល​បង្គំ ហើយ​ទូល​បង្គំ​នៅ​ក្នុង​ព្រះ‌អង្គ គឺ​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​ក្នុង​យើង ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​ឲ្យ​មក​មែន។ រី​ឯ​សិរី​ល្អ​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូល​បង្គំ​នៅ​ក្នុង​គេ ហើយ​ព្រះ‌អង្គ​គង់​ក្នុង​ទូល​បង្គំ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពេញ​លេញ ប្រយោជន៍​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក ហើយ​ដឹង​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​ដែរ។ ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​ចង់​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ នៅ​ជា​មួយ​ទូល​បង្គំ ក្នុង​កន្លែង​ដែល​ទូល​បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​ឃើញ​សិរី​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។

អាន យ៉ូហាន 17