យេរេមា 31:7-14
យេរេមា 31:7-14 គកស១៦
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង។ មើល៍! យើងនឹងនាំគេមកស្រុកខាងជើង ហើយប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទម្ងន់ និងស្រីដែលហៀបសម្រាលកូនផង ជាក្រុមមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ។ គេនឹងមកទាំងយំ និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា យើងនឹងនាំគេត្រឡប់មកវិញ យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។ ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអ្នករាល់គ្នាស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា៖ ព្រះដែលបានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែល ព្រះអង្គនឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។ ព្រោះព្រះយេហូវ៉ាបានលោះយ៉ាកុបហើយ ព្រះអង្គបានដោះគេចេញពីកណ្ដាប់ដៃ នៃពួកអ្នកដែលខ្លាំងជាងខ្លួន។ គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយមកហូរហែដល់សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមាន សេចក្ដីព្រួយទៀតឡើយ។ គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។ យើងនឹងចម្អែតព្រលឹងពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយឲ្យប្រជារាស្ត្ររបស់យើងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់យើង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។

