យ៉ាកុប 5:7-12
យ៉ាកុប 5:7-12 គកស១៦
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។ បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។ ប៉ុន្ដែ លើសពីនេះទៅទៀត បងប្អូនអើយ កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ឬស្បថនឹងអ្វីផ្សេងទៀតក៏ដោយ តែសូមឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា ប្រាកដជា «បាទ» ហើយពាក្យ «ទេ» ប្រាកដជា «ទេ» ដើម្បីកុំឲ្យអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។


