យ៉ាកុប 4:1-7

យ៉ាកុប 4:1-7 គកស១៦

ការ​ទាស់​ទែង និង​ការ​ឈ្លោះ​ប្រ‌កែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​មក​ពីណា? តើ​មិន​មែន​មក​ពី​ចិត្តស្រើប​ស្រាល ដែល​ច្បាំង​នៅ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សម្លាប់​គេ អ្នករាល់​គ្នា​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​ទទួល​បាន​អ្វី​ឡើយ ក៏​ឈ្លោះ​ប្រ‌កែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទូល​សូម។ អ្នក​រាល់​គ្នា​ទូល​សូម​ដែរ តែ​មិន​បានទទួល ព្រោះអ្នក​រាល់​គ្នា​ទូល​សូម​ដោយបំណង​អាក្រក់ សម្រាប់​តែ​នឹង​បំពេញ​ចិត្តស្រើប​ស្រាល​របស់​ខ្លួន។ មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។ ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ​គម្ពីរចែង​មក​ជាឥត​ប្រយោជន៍​ឬ ដែល​ថា៖ «ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មក​គង់​ក្នុង​យើង ទ្រង់​ស្រឡាញ់​ដោយ​ព្រះ​ហឫទ័យ​ប្រចណ្ឌ»? ប៉ុន្ដែ ព្រះ​អង្គ​ផ្តល់​ព្រះ‌គុណ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជាបទ​គម្ពីរ​ចែង​ថា៖ «ព្រះ‌ទ្រង់​ប្រឆាំង​នឹងមនុស្ស​មាន​អំនួត តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែលបន្ទាប​ខ្លួន​វិញ» ។ ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។

អាន យ៉ាកុប 4