យ៉ាកុប 4:1-7
យ៉ាកុប 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ? អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។ អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។ មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។ ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»? ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។ ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
យ៉ាកុប 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ការទាស់ទែង ឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ? បងប្អូនមានចិត្តលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បាន សម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ មនុស្សក្បត់ចិត្តអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់! តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឲ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា «ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន» ។ ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។
យ៉ាកុប 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីទាស់ទែង នឹងសេចក្ដីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្ដីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ អ្នករាល់គ្នាសំឡាប់គេ ហើយមានចិត្តច្រណែន តែពុំអាចនឹងបានឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ពីព្រោះមិនសូម អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្ដីសំណូមនោះបែបអាក្រក់ សំរាប់នឹងចាយបំពេញសេចក្ដីសំរើបរបស់អ្នករាល់គ្នាវិញ ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ» ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ