ព្រះអម្ចាស់បានផ្ញើព្រះបន្ទូលមក ក្នុងពួកយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មក ត្រូវជនជាតិអ៊ីស្រាអែល បណ្ដាជនទាំងអស់គ្នានឹងដឹងដែរ ទោះទាំងពួកអេប្រាអិម និងពួកអ្នកនៅស្រុកសាម៉ារីផង ជាពួកអ្នកដែលនិយាយដោយសេចក្ដីអំនួត និងចិត្តធំរបស់គេថា៖ ជញ្ជាំងឥដ្ឋបានរលំហើយ តែយើងនឹងសង់ឡើងដោយថ្មដាប់វិញ ដើមឧទុម្ពរបានត្រូវកាប់អស់ទៅហើយ តែយើងនឹងយកដើមតាត្រៅមកជំនួសវិញ។ ដូច្នេះ ព្រះយេហូវ៉ានឹងតាំងខ្មាំងសត្រូវ របស់រេស៊ីនឲ្យទាស់នឹងគេ ហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរ គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ពួកទាំងនោះនឹងហាមាត់ ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។ រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលព្រះអង្គបានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។ ហេតុនោះបានជាព្រះយេហូវ៉ានឹងកាត់ទាំងក្បាល និងកន្ទុយ ទាំងមែក និងធាង របស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែមួយ ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរា ដែលបង្រៀនសេចក្ដីភូតភរ។ ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ។ ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។ ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ និងគុម្ពបន្លាអស់រលីង ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម។ ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្ដាជន ក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ ម្នាក់នឹងកញ្ឆក់យកពីខាងស្តាំ ប៉ុន្តែ នឹងនៅតែឃ្លានទៀត ហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយ គេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់ៗគ្នា។ គឺម៉ាណាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាណាសេ ហើយទាំងពីរពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
អាន អេសាយ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 9:8-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ