អេសាយ 9:8-21

អេសាយ 9:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក ក្នុង​ពួក​យ៉ាកុប ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក ត្រូវ​ជន​ជាតិ​អ៊ីស្រា‌អែល បណ្ដា‌ជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ ទោះ​ទាំង​ពួក​អេប្រាអិម និង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត និង​ចិត្ត​ធំ​របស់​គេ​ថា៖ ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តា‌ត្រៅ​មក​ជំនួស​វិញ។ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​តាំង​ខ្មាំង​សត្រូវ របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលី‌ស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។ រីឯ​បណ្ដា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ។ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​កាត់​ទាំង​ក្បាល និង​កន្ទុយ ទាំង​មែក និង​ធាង របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​មួយ ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់​ទុំ និង​ពួក​មាន​កិត្តិ‌យស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ។ ដ្បិត​ពួក​អ្នក​ដែល​ដឹក‌នាំ​សាសន៍​នេះ គេ​នាំ​ឲ្យ​វង្វេង​ទេ ហើយ​ពួក​អ្នក​ដែល​គេ​នាំ​មុខ នោះ​ក៏​ត្រូវ​បំផ្លាញ​ទៅ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ មិន​រីក‌រាយ​នឹង​ពួក​កំលោះ​របស់​គេ​ឡើយ ក៏​មិន​អាណិត​អាសូរ​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​គេ​ដែរ ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់ មាត់​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​ចម្កួត។ ទោះ​បើ​ធ្វើ​ទោស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។ ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម។ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្ដា‌ជន ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង‌ប្អូន​ខ្លួន​ទេ ម្នាក់​នឹង​កញ្ឆក់​យក​ពី​ខាង​ស្តាំ ប៉ុន្តែ នឹង​នៅ​តែ​ឃ្លាន​ទៀត ហើយ​ម្នាក់​ខាង​ឆ្វេង​នឹង​ស៊ី​ទៅ​ឥត​បាន​ឆ្អែត​ឡើយ គេ​នឹង​ស៊ី​សាច់​ដើម​ដៃ​ខ្លួន​គ្រប់ៗ​គ្នា។ គឺ​ម៉ាណា‌សេ​នឹង​ស៊ី​សាច់​អេប្រាអិម ហើយ​អេប្រាអិម​នឹង​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​ទាំង​ពីរ​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោសយ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស ប្រជា‌ជន​នៅ​ក្នុង​រាជា​ណាចក្រ​អ៊ីស្រា‌អែល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប។ ប្រជា‌ជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រាអ៊ីម និង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹង ហើយ​នាំ​គ្នា​និយាយ​អួត​ក្អេង‌ក្អាង​ថា៖ «អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយ យើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញ គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹក មក​ជំនួស​វិញ!»។ ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីន ឲ្យ​មក​វាយ​លុក​ពួក​គេ ព្រះអង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ ជន‌ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើត ហើយ​ជន‌ជាតិ​ភីលីស្ទីន​ពី​ខាង​លិច។ ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រា‌អែល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។ ទោះ​បី​ព្រះ‌អម្ចាស់​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​អ៊ីស្រា‌អែល​ពុំ​ព្រម​វិល​មក​រក ព្រះអង្គ​ដែរ ពួក​គេ​ពុំ​ស្វែង​រក ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ដាក់​ទោស​អ៊ីស្រា‌អែល​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ព្រះអង្គ​កាត់​ទាំង​ក្បាល ទាំង​កន្ទុយ ទាំង​អ្នក​ចេះ ទាំង​អ្នក​ខ្លៅ ក្បាល​គឺ​ពួក​ព្រឹទ្ធា‌ចារ្យ និង​អ្នក​មុខ​អ្នក​ការ រីឯ​កន្ទុយ គឺ​ព្យាការី​ដែល​ជា​គ្រូ​ក្លែងក្លាយ។ ពួក​មេ​ដឹក​នាំ​ដែល​បាន​ធ្វើ​ឲ្យ ប្រជា‌ជន​នេះ​វង្វេង ហើយ​អស់​អ្នក​ដែល​ត្រូវ​គេ​ដឹក​នាំ ក៏​វិនាស​អន្តរាយ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ ព្រះអង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ និង​ជា​មនុស្ស​ពាល។ មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។ អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹង ភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះ ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។ ដោយ‌សារ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។ គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បងប្អូន​របស់​ខ្លួន​ទេ។ ប្រជា‌ជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំ គេ​នៅ​តែ​ឃ្លាន ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រាអ៊ីម អេប្រាអ៊ីម​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក​ក្នុង​ពួក​យ៉ាកុប ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក ត្រូវ​ជន‌ជាតិ​អ៊ីស្រាអែល បណ្តាជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ ទោះ​ទាំង​ពួក​អេប្រា‌អិម នឹង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត នឹង​ចិត្ត​ធំ​របស់​គេ​ថា ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តាត្រៅ​មក​ជំនួស​វិញ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ពួក​ខ្មាំង​សត្រូវ​របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលីស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រាអែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។ រីឯ​បណ្តាជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ទ្រង់​បាន​វាយ‌ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​ទាំង​ក្បាល នឹង​កន្ទុយ ទាំង​មែក ហើយ​នឹង​ធាង​របស់​សាសន៍​អ៊ីស្រាអែល​ចេញ ក្នុង​ថ្ងៃ​តែ​១ ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់‌ទុំ នឹង​ពួក​មាន​កិត្តិយស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា​ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ ដ្បិត​ពួក​អ្នក​ដែល​ដឹក‌នាំ​សាសន៍​នេះ គេ​នាំ​ឲ្យ​វង្វេង​ទេ ហើយ​ពួក​អ្នក​ដែល​គេ​នាំ​មុខ នោះ​ក៏​ត្រូវ​បំផ្លាញ​ទៅ ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​មិន​រីក‌រាយ​ចំពោះ​ពួក​កំឡោះ​គេ​ឡើយ ក៏​មិន​អាសូរ​ករុណា​ចំពោះ​ពួក​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ​របស់​គេ​ដែរ ពី​ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិល​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់ គ្រប់​ទាំង​មាត់​ក៏​បញ្ចេញ សុទ្ធ​តែ​សេចក្ដី​ចំកួត ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។ ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ នឹង​គុម្ព​បន្លា​អស់​រលីង​ទៅ អើ ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្តាជន​ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង​ប្អូន​ខ្លួន​ទេ ម្នាក់​នឹង​កញ្ឆក់​យក​ពី​ខាង​ស្តាំ ប៉ុន្តែនឹង​នៅ​តែ​ឃ្លាន​ទៀត ហើយ​ម្នាក់​ខាង​ឆ្វេង​នឹង​ស៊ី​ទៅ​ឥត​បាន​ឆ្អែត​ឡើយ គេ​នឹង​ស៊ី​សាច់​ដើម​ដៃ​ខ្លួន​គ្រប់ៗ​គ្នា គឺ​ម៉ាន៉ាសេ​នឹង​ស៊ី​សាច់​អេប្រា‌អិម ហើយ​អេប្រា‌អិម​នឹង​ស៊ី​សាច់​ម៉ាន៉ាសេ ហើយ​ទាំង​២​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

ចែក​រំលែក
អាន អេសាយ 9