ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ គឺបានសបឆ្លើយថា «ទេ យើងនឹងជិះសេះរត់ទៅ» ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា «យើងនឹងជិះសត្វលឿនដែរ» ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ ឱប្រជាជននៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ព្រះអង្គនឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាព្រះអង្គឮ នោះព្រះអង្គនឹងឆ្លើយមកអ្នក។ ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
អាន អេសាយ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 30:15-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ