អេសាយ 30:15-21
អេសាយ 30:15-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ គឺបានសបឆ្លើយថា «ទេ យើងនឹងជិះសេះរត់ទៅ» ដូច្នេះ អ្នករាល់គ្នានឹងត្រូវរត់ទៅមែន ហើយអ្នកថា «យើងនឹងជិះសត្វលឿនដែរ» ដូច្នេះ គេដែលដេញតាមអ្នកនឹងបានលឿនដូចគ្នា មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ ឱប្រជាជននៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ព្រះអង្គនឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាព្រះអង្គឮ នោះព្រះអង្គនឹងឆ្លើយមកអ្នក។ ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
អេសាយ 30:15-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល មានព្រះបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចម្បាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។ ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា រត់អស់គ្មានសល់។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់ គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។ ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។ ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកព្រះអង្គ ព្រះអង្គនឹងប្រណីសន្ដោស ពេលណាព្រះអង្គឮសំឡេងអ្នក ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។ នៅគ្រាមានអាសន្ន ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា នៅពេលខ្វះខាត ព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ ព្រះអង្គដែលបង្រៀនអ្នក លែងពួននឹងអ្នកទៀតហើយ អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។ បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
អេសាយ 30:15-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសំរាក ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ គឺបានសបឆ្លើយថា ទេ យើងនឹងជិះសេះរត់ទៅ ដូច្នេះ ឯងរាល់គ្នានឹងត្រូវរត់ទៅមែន ហើយឯងថា យើងនឹងជិះសត្វលឿនដែរ ដូច្នេះគេដែលដេញតាមឯងនឹងបានលឿនដូចគ្នា មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមាន៥នាក់កំហែង នោះឯងរាល់គ្នានឹងរត់ទៅ ទាល់តែសំណល់នៃឯង បានដូចជាបង្គោលមួយ ដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់ អើ ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ ឯងនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែក កាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង ហើយទោះបើព្រះអម្ចាស់ ទ្រង់ឲ្យឯងរាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកសេចក្ដីរឹបជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់ឯងមិនត្រូវលាក់ពីឯងទៀត គឺភ្នែកឯងនឹងឃើញពួកគ្រូនោះវិញ ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ