ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។ នៅតែពីរថ្ងៃទៀត ព្រះអង្គនឹងប្រោសពួកយើងឲ្យបានសះស្បើយ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។ ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។ ឱអេប្រាអិមអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។ ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។ ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។ ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។ កាឡាតជាទីក្រុងរបស់ពួកប្រព្រឹត្តអំពើទុច្ចរិត គឺបានប្រឡាក់ដោយឈាមហើយ។ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម គេប្រព្រឹត្តអំពើដ៏អាក្រក់។ ពូជពង្សអ៊ីស្រាអែល យើងបានឃើញហេតុការណ៍អាក្រក់ក្រៃលែង គឺអំពើពេស្យាចាររបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលទៅជាសៅហ្មងហើយ។ ដ្បិត ឱយូដាអើយ អ្នកក៏ដូច្នោះដែរ ចម្រូតមួយបានកំណត់ស្រេចហើយ គឺពេលដែលយើងនាំប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយមកវិញ។
អាន ហូសេ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 6:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ