ហូសេ 6:1-11
ហូសេ 6:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។ នៅតែពីរថ្ងៃទៀត ព្រះអង្គនឹងប្រោសពួកយើងឲ្យបានសះស្បើយ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ដើម្បីឲ្យយើងបានរស់នៅចំពោះព្រះអង្គ។ ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។ ឱអេប្រាអិមអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។ ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។ ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។ ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។ កាឡាតជាទីក្រុងរបស់ពួកប្រព្រឹត្តអំពើទុច្ចរិត គឺបានប្រឡាក់ដោយឈាមហើយ។ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម គេប្រព្រឹត្តអំពើដ៏អាក្រក់។ ពូជពង្សអ៊ីស្រាអែល យើងបានឃើញហេតុការណ៍អាក្រក់ក្រៃលែង គឺអំពើពេស្យាចាររបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលទៅជាសៅហ្មងហើយ។ ដ្បិត ឱយូដាអើយ អ្នកក៏ដូច្នោះដែរ ចម្រូតមួយបានកំណត់ស្រេចហើយ គឺពេលដែលយើងនាំប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយមកវិញ។
ហូសេ 6:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។ ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។ យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់ ឲ្យបានច្បាស់ ព្រះអង្គប្រាកដជាយាងមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ព្រះអង្គនឹងយាងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដី តាមរដូវកាល”។ «អេប្រាអ៊ីមអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ! ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកឲ្យយើង។ ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី* ដូចអដាំ គឺអ្នករាល់គ្នាបានក្បត់យើង។ កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។ ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត! ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម បានធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។ យូដាអើយ អ្នកក៏ដូច្នោះដែរ យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។ លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ របស់យើងដែលជាប់ជាឈ្លើយមកវិញ
ហូសេ 6:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផង ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយ លុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់ ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរៈ ហើយទ្រង់នឹងយាងមកឯយើងរាល់គ្នា ដូចជាទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។ ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់ ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក ដ្បិតអញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង កាឡាតជាទីក្រុងរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺត្រូវប្រឡាក់ដោយឈាមហើយ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែមដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង អញបានឃើញការយ៉ាងសំបើម នៅក្នុងពួកវង្សអ៊ីស្រាអែល គឺមានការកំផិតរបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលក៏បានស្មោកគ្រោកដែរ មួយទៀត ឱយូដាអើយ មានការចំរូតដំរូវមកលើឯងដែរ ក្នុងកាលដែលអញនាំពួកឈ្លើយក្នុងរាស្ត្រអញឲ្យមកវិញ។