ហាកាយ 2:13-23

ហាកាយ 2:13-23 គកស១៦

រួច​ហោរា​ហាកាយ​សួរ​ថា៖ «ប្រសិន‌បើ​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ?» ពួក​សង្ឃ​ក៏​ឆ្លើយ​ថា៖ «នឹង​ត្រឡប់​ជា​មិន​ស្អាត​ពិត​ប្រាកដ» រួច​ហោរា​ហាកាយ​ពោល​តប​វិញ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បណ្ដា‌ជន​នេះ និង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​យើង​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ និង​តង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា។ ដូច្នេះ ចូរឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ តើ​អ្នក​គិត​ដូច​ម្ដេច​ទៅ​ហើយ? កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ទេ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​ហាសិប​រង្វាល់ នោះ​បាន​តែ​ម្ភៃ​វិញ។ គឺ​យើង​បាន​វាយ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយក្រា​ស៊ី ព្រម​ទាំង​មាន​ធ្លាក់​ព្រឹល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​យើង​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទីម្ភៃ​បួន ខែ​ទីប្រាំ​បួន ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ? ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ផ្តល់​ពរ​ដល់​អ្នក​វិញ»។ នៅ​ថ្ងៃ​ទីម្ភៃ​បួន ខែ​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​ហាកាយ​ម្តង​ទៀត​ថា៖ «ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា​ថា យើង​នឹង​អង្រួន​ផ្ទៃ​មេឃ និង​ផែនដី​ផង យើង​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន យើង​នឹង​បំបាក់​អស់​ទាំង​រទេះ​ចម្បាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ និង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង‌ប្អូន​គេ​រៀង​រាល់​ខ្លួន»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​នឹង​យក​អ្នក តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិតយើង​បាន​រើស​អ្នក​ទុក​ហើយ» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚

អាន ហាកាយ 2