ហាកាយ 2:13-23

ហាកាយ 2:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​ហោរា​ហាកាយ​សួរ​ថា៖ «ប្រសិន‌បើ​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ?» ពួក​សង្ឃ​ក៏​ឆ្លើយ​ថា៖ «នឹង​ត្រឡប់​ជា​មិន​ស្អាត​ពិត​ប្រាកដ» រួច​ហោរា​ហាកាយ​ពោល​តប​វិញ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ បណ្ដា‌ជន​នេះ និង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​យើង​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ និង​តង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា។ ដូច្នេះ ចូរឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ តើ​អ្នក​គិត​ដូច​ម្ដេច​ទៅ​ហើយ? កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ទេ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​ហាសិប​រង្វាល់ នោះ​បាន​តែ​ម្ភៃ​វិញ។ គឺ​យើង​បាន​វាយ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយក្រា​ស៊ី ព្រម​ទាំង​មាន​ធ្លាក់​ព្រឹល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​យើង​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទីម្ភៃ​បួន ខែ​ទីប្រាំ​បួន ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ? ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ផ្តល់​ពរ​ដល់​អ្នក​វិញ»។ នៅ​ថ្ងៃ​ទីម្ភៃ​បួន ខែ​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​ហាកាយ​ម្តង​ទៀត​ថា៖ «ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា​ថា យើង​នឹង​អង្រួន​ផ្ទៃ​មេឃ និង​ផែនដី​ផង យើង​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន យើង​នឹង​បំបាក់​អស់​ទាំង​រទេះ​ចម្បាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ និង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង‌ប្អូន​គេ​រៀង​រាល់​ខ្លួន»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​នឹង​យក​អ្នក តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិតយើង​បាន​រើស​អ្នក​ទុក​ហើយ» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជា‌ចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។ លោក​ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖ ប្រជា‌ជន​នេះ​ក៏​ដូច្នោះ​ដែរ យើង​ចាត់​ទុក​ប្រជា‌ជាតិ​នេះ​ជា​សៅហ្មង ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ និង​អ្វីៗ​ដែល​គេ​យក​មក​ថ្វាយ​យើង​នៅ​ទី​នេះ ក៏​សៅហ្មង​ដែរ។ ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។ មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។ អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុង នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។ យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ចូរ​សង្កេត​មើល​ចុះ! នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ សូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរ ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​ផ្ដល់​ភោគ​ផល​អ្វី​ដែរ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ឲ្យ​ពរ អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖ ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់ អាណា‌ខេត្ត​យូដា​ថា: យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំង‌ឡាយ យើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។ យើង​នឹង​រំលំ​រទេះ​ចម្បាំង ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។ យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះ បងប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «សូរ៉ូ‌បាបិល ជា​កូន​របស់​សាល‌ធាល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - នៅ​ថ្ងៃ​នោះ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់ ព្រោះ​យើង​បាន​ជ្រើស​រើស​អ្នក​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន ហាកាយ 2

ហាកាយ 2:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត រួច​ហាកាយ​ពោល​សប​វិញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ បណ្តាជន​នេះ នឹង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​អញ​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ នឹង​ដង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា​ផង ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ នៅ​រវាង​នោះ កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​២០​ថាំង នោះ​ឃើញ​មាន​តែ​១០​វិញ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​៥០​រង្វាល់ នោះ​បាន​តែ​២០​វិញ គឺ​អញ​បាន​វាយ​ការ ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ ឲ្យ​ស្រូវ​ស្កក ហើយ​ល្មាស ព្រម​ទាំង​ត្រូវ​ព្រិល​ផង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​២៤ ខែ​មិគសិរ ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ អើ ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម នឹង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ។ នៅ​ថ្ងៃ​២៤​ខែ​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ហាកាយ​ម្តង​ទៀត​ដោយ​ថា ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា​ថា អញ​នឹង​អង្រួន​ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​ផង អញ​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​រំលាង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន អញ​នឹង​បំភ្លូក​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ នឹង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង​ប្អូន​គេ​រៀង​រាល់​ខ្លួន ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​អ្នក​បំរើ​របស់​អញ​អើយ អញ​នឹង​យក​ឯង តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិត​អញ​បាន​រើស​ឯង​ទុក​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚

ចែក​រំលែក
អាន ហាកាយ 2