នៅគ្រានោះ ក្នុងស្រុកគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់នោះខ្លាំងណាស់។ ស្រុកអេស៊ីព្ទ និងស្រុកកាណានត្រូវហិនហោចទៅ ដោយព្រោះអំណត់នោះ។ លោកយ៉ូសែបបានប្រមូលប្រាក់ទាំងប៉ុន្មានដែលមាននៅស្រុកអេស៊ីព្ទ និងនៅស្រុកកាណាន ជាតម្លៃស្រូវដែលគេទិញនោះ បញ្ចូលទៅក្នុងឃ្លាំងរបស់ផារ៉ោន។ កាលស្រុកអេស៊ីព្ទ និងស្រុកកាណានអស់ប្រាក់ទិញហើយ សាសន៍អេស៊ីព្ទទាំងអស់ក៏នាំគ្នាមកជួបលោកយ៉ូសែប ហើយពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! តើត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកឬ? ដ្បិតយើងខ្ញុំគ្មានប្រាក់ទៀតទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យ ជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា»។ ដូច្នេះ គេយកហ្វូងសត្វមកជូនលោកយ៉ូសែប ហើយលោកក៏ផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា។ នៅឆ្នាំនោះ លោកផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងហ្វូងសត្វរបស់គេ។ កាលឆ្នាំនោះកន្លងផុតទៅ ហើយចូលដល់ឆ្នាំបន្ទាប់ ពួកគេមករកលោកយ៉ូសែប ពោលថា៖ «យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់ក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនប្រាណយើងខ្ញុំ និងដីរបស់យើងខ្ញុំប៉ុណ្ណោះ។ តើត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោកម្ចាស់ ព្រមទាំងដីរបស់យើងខ្ញុំផងដូច្នេះឬ? សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំ ព្រមទាំងដីរបស់យើងខ្ញុំនឹងនៅបម្រើផារ៉ោន។ សូមផ្ដល់ពូជមកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង»។ ដូច្នេះ លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីព្ទថ្វាយផារ៉ោន ដ្បិតសាសន៍អេស៊ីព្ទសុទ្ធតែបានលក់ស្រែចម្ការរបស់គេរៀងៗខ្លួន ព្រោះគេជួបនឹងអំណត់នោះខ្លាំងណាស់ ហើយស្រុកនោះក៏បានទៅជារបស់ផារ៉ោន។ រីឯប្រជាជនវិញ លោកបានយកគេធ្វើជាបាវបម្រើ ចាប់តាំងពីចុងម្ខាងនៃស្រុកអេស៊ីព្ទរហូតដល់ចុងម្ខាងទៀត នៅសល់តែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលលោកមិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន ហើយពួកគេទទួលទានចំណែកដែលផារ៉ោនប្រទានឲ្យ ដូច្នេះហើយបានជាពួកគេមិនលក់ដីរបស់ខ្លួន។ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឥឡូវនេះ ខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ នេះជាគ្រាប់ពូជសម្រាប់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ។ លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។ ពួកគេឆ្លើយថា៖ «លោកបានសង្គ្រោះជីវិតយើងខ្ញុំ សូមឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកផង យើងខ្ញុំសុខចិត្តធ្វើជាបាវបម្រើរបស់ផារ៉ោនហើយ»។ លោកយ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរស្រុកអេស៊ីព្ទ ទុកជាច្បាប់រហូតដល់សព្វថ្ងៃនេះថា ត្រូវថ្វាយមួយភាគក្នុងប្រាំទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
អាន លោកុប្បត្តិ 47
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 47:13-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ