លោកុ‌ប្បត្តិ 41:1-16

លោកុ‌ប្បត្តិ 41:1-16 គកស១៦

ពីរ​ឆ្នាំ​ក្រោយ​មក ផារ៉ោន​បាន​យល់​សប្ដិ​ឃើញ​ថា ទ្រង់​ឈរ​នៅ​មាត់​ទន្លេ​នីល ហើយ​ឃើញ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​ទី​វាល។ បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក ស្គមៗ ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត។ គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ ហើយ​ផារ៉ោន​ក៏​តើន​ឡើង។ បន្ទាប់​មក ស្ដេច​ក៏​ផ្ទំ​លក់​ទៅ​វិញ ហើយ​យល់​សប្ដិ​ម្ដង​ទៀត ឃើញ​មាន​ស្រូវ​ប្រាំពីរ​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ លូត​ចេញ​មក​ពី​ដើម​តែ​មួយ។ រួច​មក មាន​ស្រូវ​ប្រាំពីរ​កួរ​តូចៗ ដែល​ស្កក​ដោយ​សារ​ខ្យល់​ពី​ទិស​ខាង​កើត លូតចេញ​មក​តាម​ក្រោយ។ កួរ​ស្រូវ​តូចៗ​ក៏​លេប​កួរ​ស្រូវ​ធំ​ថ្លោស​ល្អ​ទាំង​ប្រាំពីរ​នោះ​អស់​ទៅ រួច​ផារ៉ោន​ក៏​តើន​ឡើង ហើយ​មើល៍ នោះ​ជា​សុបិន​ទេ។ លុះ​ព្រឹក​ឡើង ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្វល់​ខ្វាយ​ណាស់ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​គ្រូ​ទាយ និង​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ផារ៉ោន​តំណាល​សប្ដិ​នោះ​ប្រាប់​ពួក‌គេ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ថ្វាយ​ស្ដេច​បាន​ឡើយ។ ពេល​នោះ មេ​ថ្វាយ​ពែង​ក៏​ទូល​ថ្វាយ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូល‌បង្គំ​នឹក​ឃើញ​កំហុស​របស់​ទូល​បង្គំ​ហើយ។ កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​ក៏​បាន​ឃុំ​ទូល‌បង្គំ និង​មេ​អ្នក​ដុត​នំ នៅ​ក្នុង​គុក​របស់​មេ​កង​រក្សា​ព្រះ‌អង្គ ទូល​បង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ហើយ​ដែល​យើង​ខ្ញុំ​បាន​យល់​សប្តិ​នោះ ក៏​មាន​ន័យ​ផ្សេង​ពី​គ្នា។ នៅ​ទី​នោះ មាន​យុវជន​សាសន៍​ហេព្រើរ​ម្នាក់ ជា​អ្នក​បម្រើ​របស់​មេ​កង​រក្សា​ព្រះ​អង្គ​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​តំណាល​សប្តិ​ប្រាប់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ប្រាប់​យើង​ខ្ញុំ តាម​សប្តិ​រៀងៗ​ខ្លួន។ ហេតុ‌ការណ៍​នោះ​ក៏​កើត​មាន ដូច​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ទូល‌បង្គំ​បាន​ទទួល​តំណែង​របស់​ទូល‌បង្គំ​ដូច​ដើម​វិញ ហើយ​អ្នក​ដុត​នំ​ត្រូវ​ព្យួរ​ក»។ ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​យ៉ូសែប​មក ហើយ​គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​ភ្លាម។ កាល​លោក​បាន​កោរ​ពុក​មាត់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ស្រេច​ហើយ លោក​ក៏​ចូល​គាល់​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ឡើយ ហើយ​យើង​បានឮ​ថា ពេល​គេ​តំណាល​សប្តិ​ប្រាប់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន»។ លោក​យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា៖ «កិច្ច‌ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ តែ​ព្រះនឹងឆ្លើយ​មក​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ»។