អេ‌សេ‌គាល 11:1-13

អេ‌សេ‌គាល 11:1-13 គកស១៦

ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង នាំ​ទៅ​ឯ​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ឃើញ​នៅ​មាត់​ទ្វារ​កំផែង មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់ ហើយ​នៅ​កណ្ដាល​អ្នក​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​យ្អាសានា ជា​កូន​អ័ស៊ើរ ហើយ​ពេឡាធា ជា​កូន​បេ‌ណា‌យ៉ា ទាំង​ពីរ​នាក់​ជា​ចៅ‌ហ្វាយ​លើ​បណ្ដា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ គឺ​មនុស្ស​ទាំង​នេះ​ហើយ​ដែល​គិត‌គូរ​បង្កើត​ការ​ទុច្ចរិត ហើយ​ទូន្មាន​សេចក្ដី​អាក្រក់​នៅ​ក្នុង​ទី​ក្រុង​នេះ គេ​ថា នេះ​មិន​មែន​ជា​ពេល​វេលា​ដែល​ត្រូវ​សង់​ផ្ទះទេ ទី​ក្រុង​នេះ​ជា​ថ្លាង ហើយ​យើង​រាល់​គ្នា​ជា​សាច់។ ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ទាស់​នឹង​គេ ចូរ​ថ្លែងទំនាយ​ចុះ»។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែងទំនាយ​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​និយាយ​ថា យើង​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ។ អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​នេះ​កាន់​តែ​ច្រើន​ឡើង ក៏​បាន​សម្លាប់​គេ​ចោល​នៅ​ពាស​ពេញ​ផ្លូវ។ ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​អ្នក​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​ផ្តេក​នៅ​កណ្ដាល​ទី​ក្រុង គឺ​គេ​វិញ​ដែល​ជា​សាច់​នោះ ហើយ​ទី​ក្រុង​នេះ​ជា​ថ្លាង តែ​ចំណែក​អ្នក​រាល់​គ្នា យើង​នឹង​នាំ​ចេញ​ទៅ​ក្រៅ។ អ្នក​រាល់​គ្នា​ខ្លាច​ដាវ ដូច្នេះ យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ដទៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ដល់​អ្នក។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក នៅ​ត្រង់​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ទី​ក្រុង​នេះ​នឹង​មិន​មែន​ជា​ថ្លាង​សម្រាប់​អ្នក​រាល់​គ្នា​ឡើយ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ជា​សាច់​នៅ​ក្នុង​ថ្លាង​នោះ​ដែរ គឺ​យើង​នឹង​ជំនុំ‌ជម្រះ​អ្នក នៅ​ត្រង់​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង​សោះ ក៏​មិន​បាន​សម្រេច​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង​ដែរ គឺ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​អ្នក​វិញ»។ កាល​ខ្ញុំ​កំពុង​តែ​ទាយ នោះ​ពេឡាធា ជា​កូន​បេ‌ណា‌យ៉ា​ក៏​ស្លាប់​ទៅ ដូច្នេះ ខ្ញុំ​ក៏​ក្រាប​ផ្កាប់​មុខ​អំពាវ‌នាវ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សំណល់​សាសន៍​អ៊ីស្រា‌អែល ត្រូវ​ផុត​ទៅ​ឲ្យ​អស់​រលីង​ឬ?»។

អាន អេ‌សេ‌គាល 11