និក្ខមនំ 8:1-19

និក្ខមនំ 8:1-19 គកស១៦

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ផារ៉ោន ហើយ​ប្រាប់​ស្ដេច​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។ ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ នោះ​មើល៍ យើង​នឹង​ញាំ​ញី​ស្រុក​របស់​អ្នក​ទាំង​មូល​ដោយ​កង្កែប។ ទន្លេ​នីល​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក គឺទៅ​ក្នុង​បន្ទប់​ដេក លើ​គ្រែ និងទៅ​ក្នុង​ផ្ទះ​ពួក​នាម៉ឺន​មន្ត្រី ផ្ទះ​របស់​ប្រជា‌រាស្ត្រ ទៅ​ក្នុង​ជើង‌ក្រាន និង​ផើង​ម្សៅ​របស់​អ្នក​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ឡើង​លើ​អ្នក លើ​ប្រជា‌រាស្ត្រ និង​លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក​ទាំង​អស់"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​ទៅ​លើ​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ"»។ លោក​អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​មាន​កង្កែប​ឡើង​មកគ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។ ប៉ុន្ដែ ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដែរ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ ហើយ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។ លោក​ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា៖ «សូម​ប្រាប់​ទូល‌បង្គំ​ចុះ ពី​ពេល​វេលា​ដែល​ទូល‌បង្គំ​ត្រូវ​អង្វរ​សម្រាប់​ព្រះ‌ករុណា សម្រាប់​ពួក​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះ​ករុណា និង​ពួក​ដំណាក់​របស់​ព្រះ​ករុណា ហើយ​ទុក​ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​ស្អែក» លោក​ម៉ូសេ​ទូល​ថា៖ «សូម​ឲ្យ​បាន​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ចុះ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​ថា គ្មាន​ព្រះ​ណា​ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។ កង្កែប​នឹង​ថយ​ចេញ​ពី​ព្រះ‌ករុណា ពី​ដំណាក់​របស់​ព្រះ​ករុណា ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា គឺ​វា​នឹង​មាន​នៅ​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ព្រះ‌អង្គ​បាន​នាំ​មក​លើ​ផារ៉ោន​នោះ។ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​តាម​ពាក្យ​លោក​ម៉ូសេ គឺ​កង្កែប​ក៏​ងាប់​អន្តរធាន​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។ គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ​ក្នុង​ស្រុក។ ប៉ុន្ដែ កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ ស្ដេច​ក៏​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ទៀត មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​បង​លើក​ដំបង​របស់​បង​វាយ​ធូលី​ដី ដើម្បី​ឲ្យ​ធូលី​ដី​ក្លាយ​ជា​ចៃ នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ"»។ ពួក​លោក​ក៏​ធ្វើ​ដូច្នោះ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី ហើយ​មាន​ចៃ​នៅ​លើ​មនុស្ស និង​សត្វ។ ធូលី​ដី​ទាំង​អស់​ក៏​ក្លាយ​ទៅ​ជា​ចៃ នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ពួក​គ្រូ​ក៏​ខំ​ប្រើ​មន្តអាគម​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​បង្កើត​ចៃ តែ​ធ្វើ​មិន​បាន​ឡើយ។ ដូច្នេះ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស និង​សត្វ។ ពេល​នោះ ពួក​គ្រូ​មន្ត​អាគម​ទូល​ផារ៉ោន​ថា៖ «នេះ​ជា​អង្គុលី​របស់​ព្រះ​ទេ!» ប៉ុន្ដែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។

អាន និក្ខមនំ 8