និក្ខមនំ 8:1-19
និក្ខមនំ 8:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។ ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ នោះមើល៍ យើងនឹងញាំញីស្រុករបស់អ្នកទាំងមូលដោយកង្កែប។ ទន្លេនីលនឹងមានពេញសុទ្ធតែកង្កែប វានឹងលោតចូលទៅក្នុងផ្ទះរបស់អ្នក គឺទៅក្នុងបន្ទប់ដេក លើគ្រែ និងទៅក្នុងផ្ទះពួកនាម៉ឺនមន្ត្រី ផ្ទះរបស់ប្រជារាស្ត្រ ទៅក្នុងជើងក្រាន និងផើងម្សៅរបស់អ្នកផង។ កង្កែបទាំងនោះនឹងលោតឡើងលើអ្នក លើប្រជារាស្ត្រ និងលើពួកនាម៉ឺនមន្ត្រីរបស់អ្នកទាំងអស់"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរបងលើកដំបងរបស់បងទៅលើទន្លេ ព្រែក និងត្រពាំង ដើម្បីឲ្យកង្កែបឡើងមកលើស្រុកអេស៊ីព្ទ"»។ លោកអើរ៉ុនក៏លើកដៃទៅលើទឹកនៅស្រុកអេស៊ីព្ទ ហើយក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ។ ប៉ុន្ដែ ពួកគ្រូក៏ធ្វើដូច្នោះដែរ ដោយប្រើមន្តអាគមរបស់គេ ហើយធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។ ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «សូមអង្វរព្រះយេហូវ៉ាឲ្យយកកង្កែបចេញពីយើង និងពីប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជននេះ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា»។ លោកម៉ូសេក៏ទូលផារ៉ោនថា៖ «សូមប្រាប់ទូលបង្គំចុះ ពីពេលវេលាដែលទូលបង្គំត្រូវអង្វរសម្រាប់ព្រះករុណា សម្រាប់ពួកនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងពួកដំណាក់របស់ព្រះករុណា ហើយទុកឲ្យមានតែនៅក្នុងទន្លេនីលប៉ុណ្ណោះ»។ ផារ៉ោនមានរាជឱង្ការថា៖ «ថ្ងៃស្អែក» លោកម៉ូសេទូលថា៖ «សូមឲ្យបានតាមរាជឱង្ការរបស់ព្រះករុណាចុះ ដើម្បីឲ្យព្រះករុណាបានជ្រាបថា គ្មានព្រះណាដូចព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំឡើយ។ កង្កែបនឹងថយចេញពីព្រះករុណា ពីដំណាក់របស់ព្រះករុណា ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណា គឺវានឹងមាននៅតែក្នុងទន្លេនីលប៉ុណ្ណោះ»។ លោកម៉ូសេ និងលោកអើរ៉ុនក៏ចេញពីផារ៉ោនទៅ ហើយលោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលព្រះអង្គបាននាំមកលើផារ៉ោននោះ។ ព្រះយេហូវ៉ាក៏ធ្វើតាមពាក្យលោកម៉ូសេ គឺកង្កែបក៏ងាប់អន្តរធាននៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។ គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយក៏ធុំក្លិនស្អុយពេញក្នុងស្រុក។ ប៉ុន្ដែ កាលផារ៉ោនឃើញថាបានធូរស្បើយហើយ ស្ដេចក៏តាំងព្រះហឫទ័យរឹងទទឹងទៀត មិនព្រមស្តាប់លោកម៉ូសេ និងលោកអើរ៉ុនឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរបងលើកដំបងរបស់បងវាយធូលីដី ដើម្បីឲ្យធូលីដីក្លាយជាចៃ នៅពាសពេញក្នុងស្រុកអេស៊ីព្ទ"»។ ពួកលោកក៏ធ្វើដូច្នោះ គឺលោកអើរ៉ុនលើកដំបងវាយធូលីដី ហើយមានចៃនៅលើមនុស្ស និងសត្វ។ ធូលីដីទាំងអស់ក៏ក្លាយទៅជាចៃ នៅពាសពេញស្រុកអេស៊ីព្ទទាំងមូល។ ពួកគ្រូក៏ខំប្រើមន្តអាគមធ្វើដូច្នោះដែរ ដើម្បីបង្កើតចៃ តែធ្វើមិនបានឡើយ។ ដូច្នេះ ចៃទាំងនោះនៅលើមនុស្ស និងសត្វ។ ពេលនោះ ពួកគ្រូមន្តអាគមទូលផារ៉ោនថា៖ «នេះជាអង្គុលីរបស់ព្រះទេ!» ប៉ុន្ដែ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
និក្ខមនំ 8:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបឲ្យមកបំផ្លាញទឹកដីរបស់អ្នក។ កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ដ្ររបស់អ្នកទៀតផង”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់អើរ៉ុនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពាំង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។ លោកអើរ៉ុនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។ ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរអង្វរព្រះអម្ចាស់ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ដ្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់!»។ លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលា ដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណាដូចព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឡើយ។ កង្កែបចេញពីព្រះករុណា និងចេញពីដំណាក់របស់ព្រះករុណា ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណា គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចាកចេញពីព្រះចៅផារ៉ោន ហើយលោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ សូមព្រះអង្គដកកង្កែបដែលព្រះអង្គនាំមកធ្វើទុក្ខស្ដេចផារ៉ោន។ ព្រះអម្ចាស់ក៏ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺកង្កែបបានងាប់នៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។ គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។ ពេលឃើញកង្កែបងាប់អស់ហើយនោះ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។ ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។
និក្ខមនំ 8:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទើបព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេឲ្យចូលទៅឯផារ៉ោនទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញ បើមិនព្រមឲ្យគេទៅទេ នោះមើល អញនឹងធ្វើឲ្យកើតមានកង្កែប នៅពេញពាសក្នុងអស់ទាំងព្រំស្រុករបស់ឯង នោះទន្លេនឹងមានពេញសុទ្ធតែកង្កែបវាររវើកឡើង វានឹងលោតចូលទៅក្នុងផ្ទះឯង គឺនៅក្នុងបន្ទប់ដេកលើគ្រែ ហើយក្នុងផ្ទះពួកបំរើ នឹងពួករាស្ត្រឯង ព្រមទាំងនៅក្នុងជើងក្រាន នឹងស្នាចលាយម្សៅរបស់ឯងផង កង្កែបទាំងនោះនឹងលោតលើឯង លើរាស្ត្រ ហើយលើពួកបំរើរបស់ឯងទាំងអស់គ្នាដែរ។ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់អើរ៉ុនថា ចូរឲ្យបងកាន់ដំបងលើកទៅលើអស់ទាំងទន្លេ ព្រែក ហើយនឹងបឹង ធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទ អើរ៉ុនក៏លើកដៃទៅលើទឹកនៃស្រុកអេស៊ីព្ទទាំងប៉ុន្មាន នោះក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ ឯពួកគ្រូក៏ធ្វើដូច្នោះដោយរបៀនរបស់គេដែរ គេបានធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។ នោះផារ៉ោនទ្រង់ហៅម៉ូសេ នឹងអើរ៉ុនមកមានបន្ទូលថា សូមឲ្យអង្វរដល់ព្រះយេហូវ៉ា ឲ្យទ្រង់បន្ថយកង្កែបចេញពីអញ ហើយពីរាស្ត្រអញទៅ នោះអញនឹងឲ្យពួកឯងចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ម៉ូសេក៏ទូលផារ៉ោនថា ទ្រង់មានអំណាចស្រាប់ហើយ ដូច្នេះ សូមបង្គាប់ទូលបង្គំចុះ តើចង់ឲ្យទូលបង្គំអង្វរជំនួសទ្រង់ នឹងពួកមហាតលិក ហើយនឹងរាស្ត្រទ្រង់ក្នុងពេលណា ដើម្បីឲ្យកង្កែបបានត្រូវវិនាសចេញពីចំពោះទ្រង់ នឹងពួកដំណាក់ទ្រង់ទៅ ឲ្យមានតែនៅក្នុងទន្លេវិញ នោះទ្រង់មានបន្ទូលឆ្លើយថា ថ្ងៃស្អែកចុះ រួចលោកទូលថា សូមតាមព្រះបន្ទូលទ្រង់ចុះ ដើម្បីឲ្យទ្រង់បានជ្រាបថា គ្មានអ្នកឯណាឡើយ ដែលស្មើនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា នោះកង្កែបនឹងថយចេញពីទ្រង់ ពីដំណាក់ទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ នឹងមានសល់នៅតែក្នុងទន្លេប៉ុណ្ណោះ ម៉ូសេនឹងអើរ៉ុនក៏ចេញពីផារ៉ោនទៅ រួចម៉ូសេបានអំពាវនាវដល់ព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលទ្រង់បាននាំមកលើផារ៉ោននោះ ព្រះយេហូវ៉ាទ្រង់ក៏ធ្វើសំរេចតាមពាក្យម៉ូសេ នោះកង្កែបក៏ស្លាប់អន្តរធាននៅក្នុងផ្ទះ នឹងក្នុងភូមិ ហើយនៅចំការផង គេប្រមូលគរឡើងជាគំនរ រួចក្នុងស្រុកក៏ធុំក្លិនស្អុយពេញ តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេនឹងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលមក។ រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃនៅពេញក្នុងស្រុកអេស៊ីព្ទ នោះក៏ធ្វើដូច្នោះ អើរ៉ុនកាន់ដំបងលើកវាយធូលីដី ហើយកើតមានចៃនៅលើមនុស្សហើយនឹងសត្វ ធូលីដីទាំងអស់ក៏ទៅជាចៃពេញក្នុងស្រុកអេស៊ីព្ទ ឯពួកគ្រូក៏ខំធ្វើដូច្នោះដោយរបៀនរបស់គេដែរ ដើម្បីនឹងបង្កើតចៃ តែធ្វើមិនកើតឡើយ ចៃទាំងនោះនៅលើមនុស្ស ហើយនឹងសត្វផង នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលទុក។