និក្ខមនំ 23:1-17

និក្ខមនំ 23:1-17 គកស១៦

កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។ កុំ​ទៅ​តាម​មនុស្ស​ភាគ​ច្រើន​ដើម្បី​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ធ្វើ​បន្ទាល់​ឲ្យ​រឿង​ក្តី​ខាង​មនុស្ស​ភាគ​ច្រើន ដើម្បី​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​សោះ កុំ​យល់​មុខ​អ្នក​ណា​នៅ​ក្នុង​រឿង​ក្ដីឡើយ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រ​ក៏​ដោយ។ បើ​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​ដែល​វង្វេង នោះ​ត្រូវ​នាំ​វា​ទៅឲ្យ​ម្ចាស់​វា​វិញ។ បើ​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល​ដោយ‌សារ​ផ្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​អ្នក​ចង់​ធ្វើ​ព្រងើយ​មិន​ចង់​ជួយ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​គេ​កុំ​ខាន។ កុំ​បង្វែរ​យុត្តិ‌ធម៌​ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឡើយ។ ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។ កុំ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។ កុំ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ ក្នុង​រវាង​ប្រាំមួយ​ឆ្នាំ អ្នក​ត្រូវ​សាប‌ព្រោះ​លើ​ដី​របស់​អ្នក ហើយ​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​ចុះ តែ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​បន្សល់​ផល​ដំណាំ​នៅ​ទី​នោះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទ័ល‌ក្រ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​បាន​បរិភោគ​ផង ហើយ​អ្វី​ដែល​នៅ​សេស​សល់ នោះ​សត្វ​នៅ​វាល​បាន​ស៊ី។ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។ ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។ ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។ ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​សម្រាប់​យើង​បី​ដង ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​អាប៊ីប នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​ប្រាំពីរ​ថ្ងៃ ដូច​យើង​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ មិន​ត្រូវ​ចូល​មក​ចំពោះ​យើង​ដោយ​ដៃ​ទទេ​ឡើយ។ ត្រូវ​ធ្វើ​បុណ្យ​ចម្រូត គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ការ​នឿយ​ហត់​របស់​អ្នក ពី​ការ​ដែល​អ្នក​សាប‌ព្រោះ​នៅ​ស្រែ​ចម្ការ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ប្រមូល​ផល គឺ​នៅ​ពេល​អ្នក​ប្រមូល​ផល​ពី​ការ​នឿយ​ហត់​របស់​អ្នក​ពី​ស្រែ​ចម្ការ​រួច​រាល់​អស់។ ក្នុង​មួយ​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ចំនួន​បី​ដង។

អាន និក្ខមនំ 23