ស្ដេចមានរាជឱង្ការសួរថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរមួយចំហៀងក៏ដោយ»។ ព្រះនាងអេសធើរទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ»។ ដូច្នេះ ស្ដេចក៏បង្គាប់គេថា៖ «ចូរទៅហៅហាម៉ានឲ្យមកជាប្រញាប់ ដើម្បីសម្រេចតាមបំណងព្រះនាងអេសធើរ»។ ដូច្នេះ ស្តេច និងហាម៉ានក៏យាង និងអញ្ជើញទៅចូលរួមពិធីជប់លៀង ដែលព្រះនាងអេសធើរបានរៀបចំថ្វាយ។ កាលកំពុងសោយស្រា ស្តេចមានរាជឱង្ការសួរព្រះនាងអេសធើរថា៖ «តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់ តើព្រះនាងមានសំណូមអ្វី? ទោះបីជានគរមួយចំហៀងរបស់យើងក៏ដោយ ក៏យើងសម្រេចឲ្យដែរ»។ ព្រះនាងអេសធើរទូលថា៖ «សំណូមរបស់ខ្ញុំម្ចាស់ និងសេចក្ដីដែលខ្ញុំម្ចាស់ចង់បានគឺ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសំណូមដែលខ្ញុំម្ចាស់ចង់បាន សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត ហើយពេលនោះ ខ្ញុំម្ចាស់នឹងទូលថ្វាយព្រះករុណា អំពីសំណូមរបស់ខ្ញុំម្ចាស់ »។ នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅដោយមានចិត្តត្រេកអរ ហើយរីករាយ។ ប៉ុន្ដែ កាលហាម៉ានឃើញម៉ាដេកាយនៅមាត់ទ្វាររាជវាំង ដែលមិនឈរឡើង ឬឱនគោរពនៅមុខខ្លួន នោះលោកមានពេញដោយកំហឹងចំពោះម៉ាដេកាយ។ ប៉ុន្តែ ហាម៉ានទប់ចិត្ត ហើយត្រឡប់ទៅផ្ទះ រួចចាត់គេឲ្យទៅហៅមិត្តសម្លាញ់ និងសេរែស ជាប្រពន្ធខ្លួនមកជួប។ ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។ ហាម៉ានក៏ថ្លែងទៀតថា៖ «សូម្បីតែព្រះនាងអេសធើរ ជាអគ្គមហេសី ក៏មិនបានបើកឲ្យអ្នកណាទៅជាមួយស្តេចក្រៅពីខ្ញុំ ដើម្បីចូលរួមពិធីជប់លៀង ដែលព្រះនាងបានរៀបចំនោះឡើយ ហើយថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជាមួយស្តេចទៀតដែរ។ ប៉ុន្តែ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាសាសន៍យូដានោះអង្គុយនៅមាត់ទ្វាររាជវាំង នោះសគុណទាំងប៉ុន្មាននេះគ្មានតម្លៃអ្វីចំពោះខ្ញុំទេ»។ ពេលនោះ សេរែស ជាប្រពន្ធរបស់លោក និងមិត្តសម្លាញ់ទាំងប៉ុន្មានរបស់លោកក៏ពោលឡើងថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយកម្ពស់ហាសិបហត្ថ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយនេះទៅព្យួរកនៅលើបង្គោលនោះទៅ នោះទើបលោកអាចទៅចូលរួមពិធីជប់លៀងជាមួយស្តេចបានដោយអំណរ»។ គំនិតនេះពេញចិត្តហាម៉ានណាស់ ហើយលោកក៏ឲ្យគេដំឡើងបង្គោល។
អាន នាងអេសធើរ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 5:3-14
10 ថ្ងៃ
ព្រះតែងតែថែរក្សារាស្ដ្ររបស់ទ្រង់ សូម្បីតែនៅពេលណាដែលផែនការប្រល័យពូជសាសន៍គំរាមកំហែងដល់ការផុតពូជរបស់ពួកគេក៏ដោយ។ រឿងដ៏អស្ចារ្យមួយអំពីរបៀបដែលក្មេងស្រីជនជាតិយូដាម្នាក់ប្រឈមមុខនឹងមនុស្សដែលមានអំណាចបំផុតនៅរស់ដើម្បីសុំជំនួយ។ ការធ្វើដំណើរប្រចាំថ្ងៃតាមនាងអេសធើរ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ