ដានីយ៉ែល 3:26-28
ដានីយ៉ែល 3:26-28 គកស១៦
ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ចូលទៅជិតមាត់ទ្វារគុកភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅនោះ មានរាជឱង្ការថា៖ «សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្ដាលភ្លើងមក។ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្តេច បានមកជួបជុំគ្នា ហើយឃើញថា ភ្លើងគ្មានអំណាចអ្វីលើខ្លួនរបស់អ្នកទាំងនោះសោះ សក់ក្បាលរបស់គេក៏មិនបានទាំងរួញដែរ ឯខោអាវរបស់គេមិនបានឆេះ ក៏មិនមានក្លិនឈ្ងៀមនៅជាប់ខ្លួនផង។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។



