កិច្ចការ 4:13-22

កិច្ចការ 4:13-22 គកស១៦

កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។ ប៉ុន្ដែ ដោយ​ឃើញ​បុរស​ដែល​បាន​ជា​នោះ ឈរ​នៅ​ជា‌មួយ​អ្នក​ទាំង​ពីរ អស់​លោក​ទាំង​នោះ គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​បាន​សោះ។ ដូច្នេះ គេ​ក៏​បញ្ជា​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្រុម‌ប្រឹក្សា​នោះ​ទៅ ហើយ​គេ​ពិគ្រោះ​គ្នា​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ក៏​បាន​ឃើញ​ច្បាស់ ហើយ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ផង។ ប៉ុន្ដែ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ឮ​សុសសាយ​ដល់​ប្រ‌ជាជន សូម​យើង​ហាម​គេ កុំ​ឲ្យ​គេ​និយាយ​ប្រាប់​អ្នក​ណា ក្នុង​នាម​នេះ​ទៀត»។ ដូច្នេះ គេ​ក៏​ហៅ​អ្នក​ទាំង​ពីរ​មក ហើយ​ហាម​មិន​ឲ្យ​និយាយ ឬ​បង្រៀនក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ជា​ដាច់ខាត។ ប៉ុន្ដែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាមអស់​លោក ជា​ជាង​ស្តាប់​តាម​ព្រះឬ? សូមអស់​លោក​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»។ បន្ទាប់​ពី​បាន​គំរាម​សាជា​ថ្មី​ម្ដង​ទៀត​រួច​ហើយ គេ​ក៏​ដោះ​លែងអ្នក​ទាំង​ពីរ​ឲ្យ​ទៅ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​លោក​មិន​បាន ព្រោះ​តែ​បណ្ដាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​សរសើរ​តម្កើង​ដល់​ព្រះ ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ រីឯ​បុរស​ដែល​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​ប្រោសឲ្យ​ជា​នេះ គាត់​មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។

អាន កិច្ចការ 4

វីដេអូសម្រាប់ កិច្ចការ 4:13-22