កិច្ចការ 4:13-22
កិច្ចការ 4:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។ ប៉ុន្ដែ ដោយឃើញបុរសដែលបានជានោះ ឈរនៅជាមួយអ្នកទាំងពីរ អស់លោកទាំងនោះ គ្មានពាក្យណានឹងឆ្លើយតបបានសោះ។ ដូច្នេះ គេក៏បញ្ជាឲ្យអ្នកទាំងពីរចេញពីក្រុមប្រឹក្សានោះទៅ ហើយគេពិគ្រោះគ្នាថា៖ «តើយើងត្រូវធ្វើដូចម្ដេចដល់អ្នកទាំងពីរនេះ? ដ្បិតគេបានធ្វើទីសម្គាល់យ៉ាងអស្ចារ្យ មនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិមក៏បានឃើញច្បាស់ ហើយយើងក៏មិនអាចប្រកែកបានផង។ ប៉ុន្ដែ ដើម្បីកុំឲ្យរឿងនេះឮសុសសាយដល់ប្រជាជន សូមយើងហាមគេ កុំឲ្យគេនិយាយប្រាប់អ្នកណា ក្នុងនាមនេះទៀត»។ ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។ ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ ដ្បិតយើងខ្ញុំមិនអាចឈប់និយាយពីការដែលយើងខ្ញុំបានឃើញ និងឮនោះបានឡើយ»។ បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។ រីឯបុរសដែលបានទទួលទីសម្គាល់នៃការប្រោសឲ្យជានេះ គាត់មានអាយុជាងសែសិបឆ្នាំហើយ។
កិច្ចការ 4:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលក្រុមប្រឹក្សាជាន់ខ្ពស់*ឃើញលោកពេត្រុស និងលោកយ៉ូហាន មានចិត្តអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលជានោះឈរនៅជាមួយស្រាប់។ ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ? យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។
កិច្ចការ 4:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ ដូច្នេះ កាលបានបង្គាប់ឲ្យគេចេញពីពួកក្រុមជំនុំទៅបន្តិច នោះក៏ពិគ្រោះគ្នាថា តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្សនៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។