២ សាំ‌យូ‌អែល 11:6-16

២ សាំ‌យូ‌អែល 11:6-16 គកស១៦

ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា៖ «ចូរ​ចាត់​អ៊ូរី​ជា​សាសន៍​ហេត ឲ្យ​មក​ជួប​យើង» ហើយ​យ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​គាត់​ព្រះបាទ​ដាវីឌ។ ពេល​គាត់​បាន​ទៅ​ដល់ ព្រះបាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្ដា​ទ័ព និង​ពី​ការ​សង្គ្រាម​ជា​យ៉ាង​ណា។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អ៊ូរី​ថា៖ «ចូរ​ចុះ​ទៅ​ផ្ទះ ហើយ​លាង​ជើង​ឯង​ទៅ» លុះ​គាត់​ចេញ​ពី​ដំណាក់​ស្តេច​ហើយ នោះ​ក៏​មាន​គេ​នាំ​យក​ម្ហូប‌ម្ហា​ពី​ស្តេច​ទៅ​ជូន​គាត់។ ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់ មិន​បាន​ទៅ​ផ្ទះ​ខ្លួន​ទេ។ មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «អ៊ូរី​មិន​បាន​ចូល​ផ្ទះ​ទេ» ព្រះ​បាទ​ដាវីឌ​សួរ​អ៊ូរី​ថា៖ «តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ? ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ផ្ទះ?» អ៊ូរី​ទូល​ឆ្លើយ​ថា៖ «ហិប​របស់​ព្រះ និង​ពួក​អ៊ីស្រា‌អែល ពួក​យូដា សុទ្ធ​តែ​នៅ​ក្នុង​បង្ហា ព្រម​ទាំង​យ៉ូអាប់​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ និង​ពួក​ពល​របស់​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ចូល​ទៅ​ផ្ទះ និង​ទទួល​ទាន ហើយ​ដេក​ជា‌មួយ​ប្រពន្ធ​ទូល‌បង្គំ​ម្តេច​កើត? ទូល​បង្គំ​ស្បថ បើ​ព្រះ‌ជន្ម និង​ព្រលឹង​ព្រះករុណា​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ថា ទូល‌បង្គំ​មិន​ធ្វើ​ដូច្នោះ​ឡើយ»។ ពេល​នោះ ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «បើ​ដូច្នេះ ថ្ងៃ​នេះ ឯងស្នាក់​នៅ​ទី​នេះ​ទៀត​ចុះ ហើយ​ដល់​ថ្ងៃ​ស្អែក ឯង​ត្រូវ​ត្រឡប់​ទៅ​វិញ»។ ដូច្នេះ អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត។ ព្រះបាទ​ដាវីឌ​បាន​ហៅ​គាត់​មក ហើយ​គាត់​ក៏​បរិ‌ភោគ​ជា​មួយ​ស្ដេច ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង ដល់​ល្ងាច​គាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត មិន​បាន​ទៅ​ផ្ទះ​ឡើយ។ ដល់​ព្រឹក​ឡើង ព្រះបាទ​ដាវីឌ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​តាម​រយៈ​អ៊ូរី ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​បង្គាប់​ថា៖ «ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​គាត់​ទៅឲ្យ​គេ​បាន​វាយ​សម្លាប់»។ ដូច្នេះ យ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​កន្លែង​មួយ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ។