២ ពង្សាវតារក្សត្រ 15
15
អ័សារាសោយរាជ្យលើស្រុកយូដា
1នៅឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រព្រះបាទអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ឡើងសោយរាជ្យ។ 2ទ្រង់ឡើងសោយរាជ្យនៅព្រះជន្មដប់ប្រាំមួយឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបពីរឆ្នាំ មាតារបស់ព្រះអង្គព្រះនាមថាយេកូលា ជាអ្នកក្រុងយេរូសាឡិម។ 3ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអ័ម៉ាស៊ីយ៉ាជាបិតារបស់ទ្រង់បានធ្វើដែរ។ 4ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។ 5ព្រះយេហូវ៉ាបានធ្វើឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់មួយដោយខ្លួន ឯយ៉ូថាមជាបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្ដាជននៅស្រុកនោះ។ 6កិច្ចការផ្សេងទៀតដែលអ័សារាធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតារនៃពួកស្តេចយូដាហើយ។ 7អ័សារាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបញ្ចុះសពនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ទ្រង់ រួចយ៉ូថាមជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
សាការីសោយរាជ្យលើស្រុកអ៊ីស្រាអែល
8នៅឆ្នាំទីសាមសិបប្រាំបី ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះសាការីជាបុត្រយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំមួយខែ។ 9ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាបុព្វបុរសរបស់ទ្រង់បានធ្វើដែរ ទ្រង់មិនបានលះបង់អំពើបាបរបស់យេរ៉ូបោម ជាកូនរបស់នេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។ 10គ្រានោះ សាលូមជាកូនយ៉ាបេសបានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួស។ 11ឯកិច្ចការផ្សេងទៀតរបស់សាការី នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ 12(នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងព្រះបាទយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែលដល់បួនតំណ ការនោះក៏កើតមកដូច្នោះមែន)។
សាលូមសោយរាជ្យលើស្រុកអ៊ីស្រាអែល
13ឯសាលូមជាកូនយ៉ាបេស ឡើងសោយរាជ្យនៅឆ្នាំទីសាមសិបប្រាំបួន ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបានមួយខែ។ 14រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅក្រុងសាម៉ារី សម្លាប់សាលូមជាកូនយ៉ាបេសនៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួស។ 15ឯកិច្ចការផ្សេងទៀតដែលសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ 16នៅគ្រានោះ ព្រះបាទមណាហិមវាយក្រុងធីពសា និងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទម្ងន់ទាំងប៉ុន្មានផង។
មណាហិមសោយរាជ្យលើស្រុកអ៊ីស្រាអែល
17នៅឆ្នាំទីសាមសិបប្រាំបួន ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមហាហិមជាកូនកាឌី ឡើងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបានដប់ឆ្នាំ។ 18ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា គឺដរាបដល់អស់ព្រះជន្ម ទ្រង់មិនបានលះបង់អំពើបាបដែលយេរ៉ូបោម ជាកូននេបាតបានធ្វើ ទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើតាមដែរ។ 19នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។ 20មណាហិមទារប្រាក់នោះពីពួកអ៊ីស្រាអែលវិញ គឺពីពួកអ្នកមាន ក្នុងម្នាក់ៗហាសិបសេកែល សម្រាប់ថ្វាយដល់ស្តេចស្រុកអាសស៊ើរ។ ដូច្នេះ ស្តេចអាសស៊ើរក៏ចេញទៅវិញ មិនបាននៅជាប់ក្នុងស្រុកនោះទេ។ 21ឯកិច្ចការផ្សេងទៀតដែលមណាហិមធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ 22មណាហិមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ រួចពេកាហ៊ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ពេកាហ៊ាសោយរាជ្យលើស្រុកអ៊ីស្រាអែល
23នៅឆ្នាំទីហាសិប ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ាជាបុត្រមណាហិមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានពីរឆ្នាំ។ 24ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដោយមិនបានលះបង់អំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។ 25ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ អើកុប និងអើរីយេក៏ក្បត់ធ្វើគុតទ្រង់នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារី ក៏មានពួកកាឡាតហាសិបនាក់នៅជាមួយលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួស។ 26ឯកិច្ចការផ្សេងទៀតដែលពេកាហ៊ាបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ពេកាសោយរាជ្យលើស្រុកអ៊ីស្រាអែល
27នៅឆ្នាំទីហាសិបពីរ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាជាកូនរេម៉ាលា ក៏សោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបានម្ភៃឆ្នាំ។ 28ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានលះបង់អំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
29នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។ 30ពេលនោះ ហូស៊ាជាកូនអេឡា មានគម្រោងក្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទីម្ភៃនៃរាជ្យយ៉ូថាម ជាបុត្រអ័សារា។ 31ឯកិច្ចការផ្សេងទៀតដែលពេកាធ្វើ នោះបានកត់ក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
យ៉ូថាមសោយរាជ្យលើស្រុកយូដា
32នៅឆ្នាំទីពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាមជាបុត្រអ័សារា ស្តេចយូដា ក៏ឡើងសោយរាជ្យ។ 33ទ្រង់ឡើងសោយរាជ្យនៅព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ មាតាទ្រង់ព្រះនាមថា យេរូសា បុត្រីសាដុក។ 34ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ័សារា ជាបិតារបស់ទ្រង់បានធ្វើ។ 35ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា។ 36ឯកិច្ចការផ្សេងទៀតដែលយ៉ូថាមបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 37នៅគ្រានោះ ព្រះយេហូវ៉ាបានចាត់រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ឲ្យទៅទាស់នឹងពួកយូដា។ 38យ៉ូថាមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់ជាមួយពួកបុព្វបុរស នៅក្នុងក្រុងដាវីឌ ជាបុព្វបុរស រួចអ័ហាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies