២ ពង្សាវតារក្សត្រ 16
16
អ័ហាសសោយរាជ្យលើស្រុកយូដា
1នៅឆ្នាំទីដប់ប្រាំពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ឡើងសោយរាជ្យ។ 2កាលអ័ហាសឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្មម្ភៃឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ។ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ 3គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។ 4ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ។
5នៅគ្រានោះ ព្រះបាទរេស៊ីន ជាស្តេចសាសន៍អារ៉ាម និងព្រះបាទពេកា ជាកូនរបស់រេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល បានឡើងមកច្បាំងនឹងព្រះបាទអ័ហាស ក៏ឡោមព័ទ្ធក្រុងយេរូសាឡិម តែពុំអាចយកជ័យជម្នះលើទ្រង់បានឡើយ។ 6នៅគ្រាស្តេចសាសន៍អេដុម បានដណ្ដើមយកក្រុងអេឡាតទៅឲ្យសាសន៍អេដុម ហើយបណ្តេញពួកសាសន៍យូដាចេញពីក្រុងអេឡាត នោះពួកអេដុមបានចូលមកតាំងទីលំនៅក្នុងក្រុងនោះ ដរាបដល់សព្វថ្ងៃ។ 7ដូច្នេះ អ័ហាសចាត់សារទៅទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា «ទូលបង្គំនេះជាអ្នកបម្រើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះ សូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង»។ 8អ័ហាសក៏យកមាស ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យ ផ្ញើទៅថ្វាយជាតង្វាយដល់ស្តេចស្រុកអាសស៊ើរ។ 9ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងយកបាន ហើយនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
10ពេលព្រះបាទអ័ហាសយាងទៅក្រុងដាម៉ាស ដើម្បីជួបទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ សេ្ដចឃើញអាសនាមួយដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនានោះ តាមរបៀបរចនាគ្រប់យ៉ាងទៅសង្ឃអ៊ូរីយ៉ា។ 11រួចសង្ឃអ៊ូរីយ៉ា ក៏ស្អាងអាសនាមួយ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ព្រះបាទអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ។ 12កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនានោះ ដើម្បីនឹងថ្វាយតង្វាយ 13ទ្រង់ក៏ដុតតង្វាយដុត និងតង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចតង្វាយច្រូច ហើយប្រោះឈាមនៃតង្វាយមេត្រីផង។ 14ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា ទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្ដាលអាសនាទ្រង់ និងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើងនៃអាសនារបស់ទ្រង់វិញ។ 15ព្រះបាទអ័ហាសក៏បង្គាប់សង្ឃអ៊ូរីយ៉ាថា «ត្រូវដុតតង្វាយដុតពេលព្រឹក និងតង្វាយម្សៅពេលល្ងាច ព្រមទាំងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅ ហើយទាំងតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រូចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមតង្វាយដុត និងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិន ត្រូវទុកសម្រាប់ឲ្យយើងទូលសួរដល់ព្រះ»។ 16សង្ឃអ៊ូរីយ៉ាក៏ធ្វើដូច្នោះ តាមគ្រប់ការបង្គាប់របស់ព្រះបាទអ័ហាស។
17បន្ទាប់មក ព្រះបាទអ័ហាសបានកាត់បន្ទះលង្ហិនចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំចេញពីលើជើងទាំងនោះ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកម្រាលថ្មវិញ។ 18ឯថែវដែលគេបានធ្វើនៅក្នុងបរិវេណព្រះវិហារ សម្រាប់ថ្ងៃសប្ប័ទ និងទ្វារខាងក្រៅរបស់ស្តេច នោះព្រះបាទអ័ហាសក៏រើចេញពី ដំណាក់របស់ព្រះយេហូវ៉ា ដោយព្រោះស្តេចស្រុកអាសស៊ើរ។ 19ឯកិច្ចការផ្សេងទៀតដែលអ័ហាសបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 20អ័ហាសក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌជាមួយពួកបុព្វបុរស រួចហេសេគាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies