ព្រះបាទយេហូសាផាតគង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្ដាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិម នាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេវិញ។ ទ្រង់ក៏តាំងឲ្យមានចៅក្រមនៅក្នុងស្រុក គឺក្នុងគ្រប់ទាំងទីក្រុងមានបន្ទាយរបស់ពួកយូដា ទ្រង់មានរាជឱង្ការទៅចៅក្រមទាំងនោះថា៖ «ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជម្រះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ ហើយព្រះអង្គក៏គង់នៅជាមួយអ្នករាល់គ្នា ក្នុងការជំនុំជម្រះនោះដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសម្រេចការនោះទៅ ដ្បិតគ្មានអំពើទុច្ចរិតណា នៅនឹងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលម្អៀងទៅខាងអ្នកណា ឬស៊ីសំណូកផង»។ មួយទៀត ព្រះបាទយេហូសាផាតតាំងឲ្យមានពួកលេវី ពួកសង្ឃ និងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សម្រាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា និងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ។ ទ្រង់ក៏បង្គាប់គេថា៖ «គឺយ៉ាងនោះដែលអ្នករាល់គ្នាត្រូវសម្រេចការងារ ដោយកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងទៀងទាត់ ហើយដោយចិត្តស្មោះត្រង់។ បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូន ដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សម្លាប់គ្នា ឬការរំលងច្បាប់ ក្រឹត្យក្រម និងបញ្ញត្តិ ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះអ្នករាល់គ្នាត្រូវប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា និងពួកបងប្អូនផងនោះឡើយ ចូរសម្រេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ។ មើល៍! អ័ម៉ារា ជាសម្ដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើកុលសម្ព័ន្ធយូដា ក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង»។
អាន ២ របាក្សត្រ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 19:4-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ