២ របាក្សត្រ 19:4-11

២ របាក្សត្រ 19:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​យេ‌ហូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្ដាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រាអិម នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​វិញ។ ទ្រង់​ក៏​តាំង​ឲ្យ​មាន​ចៅ‌ក្រម​នៅ​ក្នុង​ស្រុក គឺ​ក្នុង​គ្រប់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ពិចារ‌ណា​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជំនុំ‌ជម្រះ​ឲ្យ​គាប់​ចិត្ត​ដល់​មនុស្ស​ទេ គឺ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ពេញ​ព្រះ‌ហឫ‌ទ័យ​វិញ ហើយ​ព្រះ‌អង្គ​ក៏​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ក្នុង​ការ​ជំនុំ‌ជម្រះ​នោះ​ដែរ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សម្រេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លម្អៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង»។ មួយ​ទៀត ព្រះបាទ​យេ‌ហូសា‌ផាត​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡិម សម្រាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា និង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ។ ទ្រង់​ក៏​បង្គាប់​គេ​ថា៖ «គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រេច​ការ‌ងារ ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់។ បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង‌ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សម្លាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រឹត្យ‌ក្រម និង​បញ្ញត្តិ ឬ​សេចក្ដី​វិនិច្ឆ័យ​ណា​មួយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ‌សារ​ទោស​នោះ នឹង​មាន​សេចក្ដី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា និង​ពួក​បង‌ប្អូន​ផង​នោះ​ឡើយ ចូរ​សម្រេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ។ មើល៍! អ័ម៉ា‌រា ជា​សម្ដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបា‌ឌា​ជា​កូន​អ៊ីស‌ម៉ា‌អែល លោក​ជា​ចៅ‌ហ្វាយ​លើកុល‌សម្ព័ន្ធ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង»។

២ របាក្សត្រ 19:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​យ៉ូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក ស្ដេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន​វិញ។ ស្ដេច​បាន​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​គ្រប់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ចការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្ដី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាម​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​នឹង​គង់​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្ដី។ ឥឡូវ​នេះ ចូរ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ព្រះអង្គ​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។ ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ព្រះ‌បាទ​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​បូជា‌ចារ្យ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​កាត់​ក្ដី ក្នុង​នាម​ព្រះ‌អម្ចាស់ ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។ ស្ដេច​បង្គាប់​ទៅ​លោក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លម្អៀង។ ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្ដី​អំពី​ក្រឹត្យ‌វិន័យ ច្បាប់ បទ‌បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្ដី ក្នុង​គ្រប់​ករណី អស់​លោក​ត្រូវ​ក្រើន​រំឭក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​កុំ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។ លោក​មហា‌បូជា‌ចារ្យ​អម៉ា‌រា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ព្រះ‌អម្ចាស់។ លោក​សេបា‌ឌា​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល និង​ជា​ទេសា‌ភិបាល​របស់​ប្រជា‌ជន​យូដា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ស្ដេច។ រីឯ​ពួក​លេវី​បំពេញ​មុខងារ​ជា​អាជ្ញា‌ធរ។ ចូរ​តាំង​ចិត្ត​ក្លា‌ហាន ហើយ​បំពេញ​មុខងារ​នេះ​ចុះ សូម​ព្រះ‌អម្ចាស់ គង់​ជា​មួយ​អ្នក​ដែល​បំពេញ​មុខងារ​បាន​ល្អ»។

២ របាក្សត្រ 19:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូសា‌ផាត​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្តាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រា‌អិម​នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​វិញ ទ្រង់​ក៏​តាំង​ឲ្យ​មាន​ចៅ‌ក្រម នៅ​ក្នុង​ស្រុក គឺ​ក្នុង​គ្រប់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ទ្រង់​មាន​បន្ទូល​ទៅ​ចៅ‌ក្រម​ទាំង​នោះ​ថា ចូរ​ពិចារណា​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជំនុំ‌ជំរះ​ឲ្យ​គាប់​ចិត្ត​ដល់​មនុស្ស​ទេ គឺ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ពេញ​ព្រះ‌ហឫទ័យ​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ការ​ជំនុំ‌ជំរះ​នោះ​ដែរ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត ហើយ​សំរេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​សេចក្ដី​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លំអៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង។ មួយ​ទៀត យ៉ូសា‌ផាត​ទ្រង់​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រាអែលនៅ​ក្រុង​យេរូ‌សាឡិម សំរាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះ‌យេហូវ៉ា នឹង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូ‌សាឡិម​វិញ ទ្រង់​ក៏​បង្គាប់​គេ​ថា គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរេច​ការ‌ងារ ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះ‌ត្រង់ បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង​ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សំឡាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រិត្យ‌ក្រម នឹង​បញ្ញត្ត ឬ​សេចក្ដី​វិនិច្ឆ័យ​ណា​មួយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាម‌ប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ‌សារ​ទោស​នោះ នឹង​មាន​សេចក្ដី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា នឹង​ពួក​បង​ប្អូន​ផង​នោះ​ឡើយ ចូរ​សំរេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ ហើយ​មើល អ័ម៉ារា ជា​សំដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបាឌា​ជា​កូន​អ៊ីស‌ម៉ាអែល លោក​ជា​ចៅហ្វាយ​លើ​ពូជ​អំបូរ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង។