១ សាំ‌យូ‌អែល 24:8-22

១ សាំ‌យូ‌អែល 24:8-22 គកស១៦

ឯ​ដាវីឌ​ក៏​ចេញ​ពី​រអាង​តាម​ក្រោយ ស្រែក​ទូល​ដល់​សូល​ថា៖ «បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ» ពេល​ស្ដេច​សូល​បែរ​ទត​មក​ក្រោយ ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្តេច ដា​វីឌ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​អស់​អ្នក​ដែល​ថា "ដាវីឌ​ចង់​ធ្វើ​ឲ្យ​ទ្រង់​វិនាស"​ដូច្នេះ? ថ្ងៃ​នេះ ព្រះ‌នេត្រ​របស់ព្រះ‌ករុណា​ឃើញ​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូល‌បង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​និយាយ​ថា "ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​ឡើយ ដ្បិតស្ដេច​ជាអ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"។ បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។ មាន​ពាក្យ​សុភា‌សិត​ពី​បុរាណ​ថា "មនុស្ស​កំណាច​តែង​តែ​បញ្ចេញ​សេចក្ដី​កំណាច" ប៉ុន្តែ ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។ តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ​មក​ច្បាំង​អ្នក​ណា? តើ​ទ្រង់​ដេញ​តាម​អ្នក​ណា? តាម​រក​ឆ្កែ​ស្លាប់? ឬ​តាម​រក​ចៃ? ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជម្រះ​រឿង​របស់​យើង​ទាំង​ពីរ​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ស្តេច​ផង»។ ពេល​ដាវីឌ​បាន​ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​មែន​ឬ?» រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឯង​សុចរិត​ជាង​យើង ដ្បិត​យើង​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​យើង​វិញ នៅ​ថ្ងៃ​នេះ ឯង​បាន​សម្ដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​យើង ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សម្លាប់​យើង​ទេ។ ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ? ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង​នៅ​ថ្ងៃ​នេះ​ចុះ។ យើង​ក៏​ដឹង​ដែរ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ឯង។ ដូច្នេះ សូម​ឯង​ស្បថ​នឹង​យើង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ថា កាល​ណា​យើង​អស់​ព្រះ‌ជន្ម​ទៅ នោះ​ឯង​នឹង​មិន​កាត់​វង្ស​របស់​យើង​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​យើង ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​យើង​ចេញ​ដែរ»។ នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច​សូល រួច​ស្ដេច​សូល​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​វិញ តែ​ដាវីឌ និង​ពួក​លោក​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​ជម្រក​លាក់​ខ្លួន​វិញ​ដែរ។