១ សាំយូអែល 24:8-22
១ សាំយូអែល 24:8-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯដាវីឌក៏ចេញពីរអាងតាមក្រោយ ស្រែកទូលដល់សូលថា៖ «បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ» ពេលស្ដេចសូលបែរទតមកក្រោយ ដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំស្តេច ដាវីឌទូលថា៖ «ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យអស់អ្នកដែលថា "ដាវីឌចង់ធ្វើឲ្យទ្រង់វិនាស"ដូច្នេះ? ថ្ងៃនេះ ព្រះនេត្ររបស់ព្រះករុណាឃើញយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយនិយាយថា "ទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយរបស់ទូលបង្គំឡើយ ដ្បិតស្ដេចជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"។ បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះជាជាយព្រះពស្ត្ររបស់ព្រះអង្គនៅក្នុងដៃទូលបង្គំ ព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសម្លាប់ទ្រង់ទេ សូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ។ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជម្រះរឿងយើងទាំងពីរចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។ មានពាក្យសុភាសិតពីបុរាណថា "មនុស្សកំណាចតែងតែបញ្ចេញសេចក្ដីកំណាច" ប៉ុន្តែ ទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។ តើស្តេចនៃសាសន៍អ៊ីស្រាអែលចេញមកច្បាំងអ្នកណា? តើទ្រង់ដេញតាមអ្នកណា? តាមរកឆ្កែស្លាប់? ឬតាមរកចៃ? ដូច្នេះ សូមព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជម្រះរឿងរបស់យើងទាំងពីរនេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះទូលបង្គំឲ្យរួចពីកណ្ដាប់ព្រះហស្តរបស់ស្តេចផង»។ ពេលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ ស្ដេចសូលមានរាជឱង្ការថា៖ «ឱដាវីឌកូនអើយ នេះជាសំឡេងឯងមែនឬ?» រួចទ្រង់ក៏ឡើងសំឡេងយំ។ ទ្រង់មានរាជឱង្ការថា៖ «ឯងសុចរិតជាងយើង ដ្បិតយើងបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់យើងវិញ នៅថ្ងៃនេះ ឯងបានសម្ដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់យើង ព្រោះកាលព្រះយេហូវ៉ាបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃឯង នោះឯងមិនបានសម្លាប់យើងទេ។ ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ តើនឹងឲ្យរួចទៅដោយសុខសាន្តឬ? ដូច្នេះ សូមព្រះយេហូវ៉ាប្រោសសេចក្ដីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះយើងនៅថ្ងៃនេះចុះ។ យើងក៏ដឹងដែរថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្ដាប់ដៃរបស់ឯង។ ដូច្នេះ សូមឯងស្បថនឹងយើង ដោយនូវព្រះយេហូវ៉ាឥឡូវនេះថា កាលណាយើងអស់ព្រះជន្មទៅ នោះឯងនឹងមិនកាត់វង្សរបស់យើងចេញឡើយ ក៏មិនបំផ្លាញឈ្មោះយើង ឲ្យបាត់ពីពួកវង្សនៃបិតាយើងចេញដែរ»។ នោះដាវីឌក៏ស្បថថ្វាយស្ដេចសូល រួចស្ដេចសូលវិលត្រឡប់ទៅឯដំណាក់វិញ តែដាវីឌ និងពួកលោកក៏នាំគ្នាឡើងទៅឯជម្រកលាក់ខ្លួនវិញដែរ។
១ សាំយូអែល 24:8-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។ លោកទូលថា៖ «ហេតុអ្វីបានជាព្រះករុណាចេះតែសណ្ដាប់ពាក្យរបស់អស់អ្នកដែលទូលស្ដេចថា “ដាវីឌចង់ព្យាបាទព្រះករុណា”ដូច្នេះ? ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។ បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបឲ្យច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យទូលបង្គំ ចំពោះអំពើដែលព្រះករុណាប្រព្រឹត្តដល់ទូលបង្គំ។ រីឯទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាទេ ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាឡើយ។ តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។ កាលលោកដាវីឌទូលសេចក្ដីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសូលចាប់ផ្ដើមទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។ ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។ ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។ បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។ ដូច្នេះ សូមកូនស្បថក្នុងនាមព្រះអម្ចាស់ឥឡូវនេះចុះថា កូននឹងមិនបំផ្លាញពូជពង្សរបស់បិតាដែលនៅជំនាន់ក្រោយទេ ហើយក៏មិនធ្វើឲ្យឈ្មោះរបស់បិតាត្រូវលុបបំបាត់ ចេញពីក្រុមគ្រួសាររបស់បិតាដែរ»។ លោកដាវីឌក៏ស្បថថ្វាយស្ដេច។ បន្ទាប់មក ព្រះបាទសូលវិលទៅកាន់ដំណាក់វិញ ចំណែកឯលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។
១ សាំយូអែល 24:8-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯដាវីឌ ក៏ក្រោកឡើងចេញពីរអាង តាមក្រោយស្រែកទូលដល់សូលថា បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ រួចកាលសូលបែរទតមកក្រោយ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យរបស់មនុស្សដែលថា ដាវីឌរកធ្វើឲ្យវិនាសដល់ទ្រង់ដូច្នេះ មើល ថ្ងៃនេះឯងព្រះនេត្រទ្រង់ឃើញជាយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃនៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំសំឡាប់ទ្រង់ចោល តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយថាទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយនៃទូលបង្គំទេ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសំឡាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាទ្រង់ជំនុំជំរះរឿងយើងខ្ញុំទាំង២ចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ ដូចជាមានពាក្យសុភាសិតពីបូរាណថា «មនុស្សកំណាចតែងបញ្ចេញសុទ្ធតែសេចក្ដីកំណាច» ប៉ុន្តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជំរះរឿងរបស់យើងខ្ញុំទាំង២នេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះសាទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចពីកណ្តាប់ព្រះហស្តនៃស្តេចផង។ លុះកាលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ នោះសូលទ្រង់សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី រួចទ្រង់ក៏ឡើងសំឡេងយំ ហើយមានបន្ទូលថា ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ នៅថ្ងៃនេះ ឯងបានសំដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសំឡាប់អញទេ ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ នោះតើនឹងឲ្យរួចទៅដោយសុខសាន្តឬ ដូច្នេះ សូមព្រះយេហូវ៉ាទ្រង់ប្រោសសេចក្ដីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះអញនៅថ្ងៃនេះចុះ អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង ដូច្នេះ សូមឯងស្បថនឹងអញ ដោយនូវព្រះយេហូវ៉ាឥឡូវនេះចុះ ថា កាលណាអញអស់ជីពជន្មទៅហើយ នោះឯងនឹងមិនកាត់វង្ស របស់អញចេញឡើយ ក៏មិនបំផ្លាញឈ្មោះអញ ឲ្យបាត់ពីពួកវង្សនៃបិតាអញចេញដែរ នោះដាវីឌក៏ស្បថថ្វាយសូល រួចសូល ទ្រង់វិលត្រឡប់ទៅឯដំណាក់ទ្រង់វិញទៅ តែដាវីឌ នឹងពួកលោកគេនាំគ្នាឡើងទៅឯទីពំនួនវិញ។