១ សាំ‌យូ‌អែល 17:38-50

១ សាំ‌យូ‌អែល 17:38-50 គកស១៦

ស្តេច​បំពាក់​គ្រឿង​របស់​ព្រះ‌អង្គ​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ។ ដាវីឌ​បាន​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​សាក​មើល ដ្បិត​មិន​ដែល​បាន​សាក​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា៖ «ទូល‌បង្គំ​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ប្រើ​ម្តង​ឡើយ» ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​ប្រាំ​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​ថង់​យាម​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​តម្រង់​ចូល​ទៅ​រក​សាសន៍​ភីលី‌ស្ទីន​នោះ។ ចំណែក​សាសន៍​ភីលី‌ស្ទីន​នោះ ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង ពេល​សាសន៍​ភីលីស្ទីន​នោះ​ក្រឡេក​ឃើញ​ដាវីឌ ក៏​តាំង​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ រួច​និយាយ​ទៅ​ដាវីឌ​ថា៖ «តើ​យើង​ជា​ឆ្កែ​ឬ បាន​ជា​ឯង​មក​ជួប​យើង​ទាំង​កាន់​ដំបង​ដូច្នេះ?»។ ហើយ​ក៏​ប្រទេច​ផ្ដាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា រួច​ប្រាប់​ថា៖ «ចូរ​មក​ចុះ យើង​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង»។ ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ចំណែក​ឯង មក​ជួប​យើង​ទាំង​កាន់​ដាវ​កាន់​លំពែង និង​ដែក​ពួយ​ផង តែ​យើង​វិញ មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​មិន​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង»។ កាល​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ត​ទល់​គ្នា។ ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់យាម ចាប់​យក​ក្រួស​មួយ​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​សាសន៍​ភីលី‌ស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ក៏​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។ ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលី‌ស្ទីន​ឲ្យ​ស្លាប់ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ