១ សាំយូអែល 17:38-50
១ សាំយូអែល 17:38-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចបំពាក់គ្រឿងរបស់ព្រះអង្គឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ។ ដាវីឌបានក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរសាកមើល ដ្បិតមិនដែលបានសាកម្តងសោះ រួចទូលទៅសូលថា៖ «ទូលបង្គំពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលប្រើម្តងឡើយ» ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង ពេលសាសន៍ភីលីស្ទីននោះក្រឡេកឃើញដាវីឌ ក៏តាំងមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា៖ «ចូរមកចុះ យើងនឹងឲ្យសាច់ឯងដល់សត្វហើរលើអាកាស និងសត្វព្រៃផង»។ ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។ កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីតទល់គ្នា។ ដាវីឌលូកដៃទៅក្នុងថង់យាម ចាប់យកក្រួសមួយគ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាក៏ដួលផ្កាប់មុខនៅដីទៅ។ ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួសមួយគ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីនឲ្យស្លាប់ ដោយឥតមានកាន់ដាវនៅដៃឡើយ
១ សាំយូអែល 17:38-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។ ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។ រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។ ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។ វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។ ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។ សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះអម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។ ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវីឌ ដាវីឌក៏រត់យ៉ាងលឿនទៅតទល់នឹងវា។ ដាវីឌលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។ ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។
១ សាំយូអែល 17:38-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល នឹងអាវក្រោះដែរ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស នឹងសត្វព្រៃផង ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួបគ្នា ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ។ ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ នឹងក្រួស១គ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីននោះឲ្យស្លាប់ទៅ ដោយឥតមានកាន់ដាវនៅដៃឡើយ