១ ពេត្រុស 5:6-14

១ ពេត្រុស 5:6-14 គកស១៦

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តម្កើង​អ្នក​រាល់​គ្នា​នៅ​វេលា​កំណត់។ ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។ ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ជំនឿ​មាំ‌មួន ទាំង​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ពិភព​ទាំង​មូល ក៏​កំពុង​រង​ទុក្ខ​លំបាក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្តា អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​យ៉ាង​ខ្លី​មក​អ្នក​រាល់​គ្នា តាម​រយៈ​លោក​ស៊ីល‌វ៉ាន ដែល​ខ្ញុំ​ចាត់​ទុក​ជា​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ធ្វើ​បន្ទាល់​ថា នេះ​ជា​ព្រះ‌គុណ​របស់​ព្រះ​ពិត​ប្រាកដ​មែន ចូរ​ឈរ​ឲ្យ​មាំ​មួន​ឡើង។ ក្រុម​ជំនុំ​នៅ​ក្រុង​បាប៊ី‌ឡូន ដែល​ព្រះ​បាន​ជ្រើស​រើស​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ សូម​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​ដែល​កើត​ចេញ​ពី​ចិត្ត​ស្រឡាញ់។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត។ អាម៉ែន។:៚

អាន ១ ពេត្រុស 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 5:6-14