១ របា‌ក្សត្រ 2

2
បញ្ជី‌រាយ​នាម​កូន​ចៅ​របស់​អ៊ីស្រា‌អែល និង​ពូជ​ពង្ស​របស់​យូដា
1ទាំង​នេះ​ជា​កូន​របស់​អ៊ីស្រា‌អែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់‌យូឡូន 2ដាន់ យ៉ូសែប បេនយ៉ាមីន ណែប‌ថា‌លី កាដ និង​អេស៊ើរ។ 3ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ទាំង​បី​នាក់​នេះ​ជា​កូន​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់។ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បាន​ដក​យក​ជីវិត​គាត់​ទៅ។ 4តាម៉ារ​ជា​កូន​ប្រសា​របស់​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ។ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​ប្រាំ​នាក់។
5ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។ 6កូន​របស់​សេរ៉ាស គឺ​ស៊ីមរី អេថាន ហេម៉ាន កាលកូល និង​ដារ៉ា ទាំង​អស់​មាន​ប្រាំ​នាក់។ 7កូន​របស់​កើមី គឺ​អេកាន​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​បំពាន​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​ព្រះ។ 8ឯ​កូន​អេថាន គឺ​អ័សារា។
9កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។ 10រ៉ាម​បង្កើត​អ័មី‌ណាដាប់ ហើយ​អ័មី‌ណាដាប់​បង្កើត​ណាសូន ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា។ 11ណា​សូន​បង្កើត​សាលម៉ូន សាលម៉ូន​បង្កើត​បូអូស 12បូអូស​បង្កើត​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ 13អ៊ីសាយ​បង្កើត​អេលាប ជា​កូន​ច្បង អ័ប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី 14នេថា‌នេល​ជា​កូន​ទី​បួន រ៉ាដាយ​ជា​កូន​ទី​ប្រាំ 15អូសែម​ជា​កូន​ទី​ប្រាំមួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំពីរ។ 16ឯ​បង‌ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា និង​អ័ប៊ី‌កែល។ ឯ​កូន​របស់​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល ទាំង​អស់​មាន​បី​នាក់។ 17នាង​អ័ប៊ី‌កែល​បង្កើត​អ័ម៉ា‌សា ឪពុក​អ័ម៉ា‌សា​ឈ្មោះ​យេធើ​ជា​សាសន៍​អ៊ីស‌ម៉ា‌អែល។
18កាលែប កូន​របស់​ហេស្រុន បង្កើត​បាន​កូន​ជា‌មួយ​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​ជា‌មួយ​យេរីអូត​ដែរ កូន​របស់​គេ គឺ​យេស៊ើរ សូបាប់ និង​អើដូន។ 19ពេល​អ័ស៊ូ‌បា​ស្លាប់​ទៅ កាលែប​បាន​យក​នាង​អេប្រា‌តា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​គាត់ ឈ្មោះ​ថា​ហ៊ើរ។ 20ហ៊ើរ​បង្កើត​យូរី យូរី​បង្កើត​បេតសា‌លាល។
21ក្រោយ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​ហុកសិប​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់ 22សេគូប​បង្កើត​យ៉ាអ៊ារ ជា​អ្នក​ដែល​មាន​ទី​ក្រុង​ម្ភៃបី​នៅ​ស្រុក​កាឡាត 23គាត់​វាយ​យក​បាន​ស្រុក​កេស៊ូរី និង​ស្រុក​អើរ៉ាម ព្រម​ទាំង​ទី​ក្រុង​យ៉ាអ៊ារ​ទាំង​នោះ និង​ក្រុង​កេណាត ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​យក​បាន​ទី​ក្រុង​ពី​គេ​ទាំង​អស់​ហុកសិប ទី​ក្រុង​ទាំង​នោះ​ជា​របស់​ម៉ាគារ​ឪពុក​កាឡាត។ 24ក្រោយ​ដែល​ហេស្រុន​បាន​ស្លាប់​នៅ​ត្រង់​ក្រុង​កាលែប-អេប្រា‌តា​ហើយ នោះ​អ័ប៊ីយ៉ា ជា​ប្រពន្ធ​គាត់ ក៏​សម្រាល​កូន​ឲ្យ​គាត់ ឈ្មោះ​អាស‌ហ៊ើរ ដែល​ជា​ឪពុក​ត្កូអា។
25ឯ​កូន​របស់​យេរ៉ា‌ម្អែល ជា​កូន​ច្បង​ហេស្រុន នោះ​គឺ​រ៉ាម ជា​កូន​ច្បង រួច​ប៊ូណា អូរេន អូសែម និង​អ័ហ៊ី‌យ៉ា។ 26យេរ៉ា‌ម្អែល​ក៏​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​អ័ថារ៉ា នាង​នោះ​ជា​ម្តាយ​អូណាម។ 27កូន​របស់​រ៉ាម ជា​កូន​ច្បង​យេរ៉ា‌ម្អែល នោះ​គឺ​ម៉ាអាស យ៉ាមីន និង​អេគើរ។ 28កូន​របស់​អូណាម គឺ​សាម៉ាយ និង​យ៉ាដា ឯ​កូន​របស់​សាម៉ាយ គឺ​ណាដាប និង​អ័ប៊ី‌ស៊ើរ។ 29ប្រពន្ធ​អ័ប៊ី‌ស៊ើរ នោះ​ឈ្មោះ​អ័ប៊ី‌ហែល នាង​បង្កើត​អ័បាន់ និង​ម៉ូលីឌ​ឲ្យ​គាត់។ 30កូន​របស់​ណាដាប គឺ​សេលេឌ និង​អ័ផែម តែ​សេលេឌ​នេះ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន។ 31កូន​របស់​អ័ផែម គឺ​អ៊ីស៊ី កូន​របស់​អ៊ីស៊ី គឺ​សេសាន កូន​របស់​សេសាន គឺ​អ័ឡាយ។ 32កូន​របស់​យ៉ាដា ជា​ប្អូន​សាម៉ាយ គឺ​យេធើ និង​យ៉ូណា‌ថាន តែ​យេធើ​គាត់​ស្លាប់​ទៅ​ដោយ​ឥត​មាន​កូន។ 33កូន​របស់​យ៉ូណា‌ថាន គឺ​ពេលេត និង​សាសា សុទ្ធ​តែ​ជា​កូន​ចៅ​របស់​យេរ៉ា‌ម្អែល។ 34សេសាន​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី ក៏​មាន​អ្នក​បម្រើ​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​យ៉ារហា។ 35សេសាន​ឲ្យ​កូន​ស្រី​របស់​គាត់ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ារហា ជា​បាវ​បម្រើ​នោះ នាង​បង្កើត​អ័ថាយ​ឲ្យ​គាត់។ 36អ័ថាយ​បង្កើត​ណាថាន់ ណាថាន់​បង្កើត​សាបាឌ។ 37សាបាឌ​បង្កើត​អែបឡាល អែបឡាល​បង្កើត​អូបិឌ។ 38អូបិឌ​បង្កើត​យេហ៊ូវ យេហ៊ូវ​បង្កើត​អ័សារា 39អ័សារា​បង្កើត​ហាលេស ហាលេស​បង្កើត​អេឡាសា 40អេឡាសា​បង្កើត​អ៊ីស‌ម៉ាយ អ៊ីស‌ម៉ាយ​បង្កើត​សាលូម 41សាលូម​បង្កើត​យេកា‌មា ហើយ​យេកា‌មា​បង្កើត​អេលី‌សាម៉ា។
42រីឯ​កូន​របស់​កាលែប ជា​ប្អូន​យេរ៉ា‌ម្អែល គឺ​មេសា ជា​កូន​ច្បង ដែល​ជា​ឪពុក​ស៊ីភ ហើយ​កូន​ម្នាក់​ទៀត​ឈ្មោះ​ម៉ារីសា ដែល​ជា​ឪពុក​ហេប្រុន។ 43កូន​របស់​ហេប្រុន គឺ​កូរេ ថាពួរ រេគេម និង​សេម៉ា។ 44សេម៉ា​បង្កើត​រ៉ាហាំ ជា​ឪពុក​យ៉ូរគាម ហើយ​រេគេម​បង្កើត​សាម៉ាយ។ 45កូន​របស់​សាម៉ាយ គឺ​ម៉ាអូន ហើយ​ម៉ាអូន ជា​ឪពុក​បេត-ស៊ើរ។ 46ឯ​អេផា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​បាន​ហារ៉ាន ម៉ូសា និង​កាសេស ហើយ​ហារ៉ាន​បង្កើត​កាសេស។ 47កូន​របស់​យ៉ាដាយ គឺ​រេគេម យ៉ូថាម កេសាន ពេលេត អេផា និង​សាអាប់។ 48ម្អាកា​ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​សេប៊ើរ និង​ទាហា‌ណា។ 49នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់ម៉ា‌ណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា និង​ក្រុង​គី‌បៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។ 50ទាំង​អស់​នេះ​ជា​កូន​ចៅ​របស់​កាលែប។
កូន​របស់​ហ៊ើរ ដែល​ជា​កូន​ច្បង​របស់​នាង​អេប្រា‌តា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម 51សាលម៉ា ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម ហារេប ជា​អ្នក​តាំង​ក្រុង​បេត-កាឌើរ 52ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ និង​ពួក​ហាស៊ី-ហាមេ‌នូហូត។ 53ឯ​ពួក​គ្រួ​នៅ​ក្រុង​គារយ៉ាត់-យារីម គឺ​ពួក​យេធើ ពួក​ពូធី ពួក​ស៊ូម៉ាធី និង​ពួក​មីសរ៉ា ពួក​នោះ​ក៏​បង្កើត​ពួក​សូរ៉ាត និង​ពួក​អែស‌ថោល។ 54កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ា‌ណាធី គឺ​ជា​ពួក​សោរីត។ 55ព្រម​ទាំង​គ្រួពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេស គឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត និង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល