ណាពីសេផានាស 2
2
ចូរកែប្រែចិត្តគំនិត
1ប្រជាជាតិដែលមិនចេះខ្មាសអើយ
ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា
2មុនពេលអុលឡោះប្រកាសដាក់ទោស
មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង
ប៉ើងតាមខ្យល់
និងមុនពេលអុលឡោះតាអាឡាធ្វើទោសអ្នករាល់គ្នា
នៅថ្ងៃទ្រង់ខឹងយ៉ាងខ្លាំង!
3អ្នកទាំងអស់គ្នាជាមនុស្សទន់ទាប
នៅក្នុងស្រុកអើយ
អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ទ្រង់
ដូច្នេះ ចូរស្វែងរកអុលឡោះតាអាឡាទៅ។
ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន
នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត
នៅថ្ងៃអុលឡោះតាអាឡាខឹង។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំវិញស្រុកអ៊ីស្រអែល
4ក្រុងកាសានឹងត្រូវប្រជាជនបោះបង់ចោល
ក្រុងអាស្កាឡូននឹងក្លាយទៅជាទីស្មសាន
ក្រុងអាសដូឌនឹងត្រូវគេកៀរប្រជាជនចេញ
ទាំងកណ្ដាលថ្ងៃត្រង់
ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។
5ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ
មុខជាត្រូវវេទនាពុំខាន
អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹង
អ្នករាល់គ្នាថា៖ «ទឹកដីកាណាន
ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក
លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
6ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា
វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ
និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។
7កូនចៅយូដាដែលនៅសេសសល់នឹង
ប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។
ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូន
ធ្វើជាជំរកស្នាក់អាស្រ័យនៅពេលយប់។
អុលឡោះតាអាឡាជាម្ចាស់របស់ពួកគេធ្វើដូច្នេះ
ដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេល
ទ្រង់ស្ដារស្រុករបស់ពួកគេឡើងវិញ។
8«យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់
និងអ្នកស្រុកអាំម៉ូនជេរប្រមាថ
ត្មះតិដៀលប្រជារាស្ត្ររបស់យើង
ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
9ហេតុនេះ យើងជាម្ចាស់ដែលនៅអស់កល្ប
យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា:
ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម
ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ
គឺជាកន្លែងដែលមានបន្លាដុះពាសពេញ
ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។
ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់
នឹងរឹបអូសយកទ្រព្យរបស់ពួកគេ
ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភព
ទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
10ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី
ពួកគេមានអំនួត ពួកគេត្មះតិះដៀល
ប្រជារាស្ត្ររបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
11 អុលឡោះតាអាឡានឹងធ្វើឲ្យពួកគេស្ញែងខ្លាច
ដ្បិតទ្រង់នឹងលុបបំបាត់ព្រះទាំងប៉ុន្មាន
ឲ្យអស់ពីផែនដី
ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ
នឹងនាំគ្នាក្រាបថ្វាយបង្គំទ្រង់
នៅតាមកន្លែងរបស់គេរៀងៗខ្លួន។
12«ជនជាតិអេត្យូពីអើយ
អ្នករាល់គ្នាក៏ដូច្នោះដែរ
យើងនឹងចាក់ទម្លុះអ្នករាល់គ្នា
ដោយដាវរបស់យើង»។
13អុលឡោះនឹងលើកដៃវាយប្រហារ
ស្រុកខាងជើង
ទ្រង់នឹងកំទេចស្រុកអាស្ស៊ីរី
ទ្រង់នឹងធ្វើឲ្យក្រុងនីនីវេ
ក្លាយទៅជាទីស្មសាន
ជាកន្លែងហួតហែងដូចវាលរហោស្ថាន។
14ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ
ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា
ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។
សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។
ក្របទ្វារផ្ទះបាក់បែកអស់
ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
15មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ
ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា
គ្មាននរណាផ្ទឹមស្មើនឹងខ្លួន
បានក្លាយទៅជាទីស្មសាន ជាជំរកសត្វព្រៃ។
អស់អ្នកដែលដើរកាត់តាមនោះ
នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
ទើបបានជ្រើសរើសហើយ៖
ណាពីសេផានាស 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.