ទីតុស 3
3
របៀបរស់នៅរបស់អូមាត់អ៊ីសា
1ចូររំលឹកដាស់តឿនបងប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង។ 2កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្ដសប្បុរស និងបង្ហាញចិត្ដស្លូតបូត គ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ 3ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ 4ក៏ប៉ុន្ដែ នៅពេលដែលអុលឡោះជាម្ចាស់សង្រ្គោះនៃយើងសំដែងចិត្តសប្បុរស និងចិត្តស្រឡាញ់ចំពោះមនុស្សលោក 5អុលឡោះក៏បានសង្គ្រោះយើង តាមចិត្តមេត្ដាករុណារបស់ទ្រង់ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ទ្រង់សង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសាររសអុលឡោះដ៏វិសុទ្ធ។ 6អុលឡោះចាក់បង្ហូររសអុលឡោះនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកសង្គ្រោះរបស់យើង 7ដើម្បីឲ្យយើងបានសុចរិតដោយសារគុណរបស់ទ្រង់ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ 8ពាក្យនេះគួរឲ្យជឿ ខ្ញុំចង់ឲ្យអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើអុលឡោះ ខិតខំយកចិត្ដទុកដាក់ប្រព្រឹត្ដអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក! 9ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីហ៊ូកុំ ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ 10ចំពោះអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើក ហើយបណ្ដេញគេឲ្យចេញទៅ 11ដោយដឹងថាជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្ដអំពើបាប និងដាក់ទោសខ្លួនឯង។
ពាក្យដាស់តឿនចុងក្រោយ
12ខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសម្រេចចិត្ដថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ 13ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូសឲ្យបន្ដដំណើរទៅផង កុំឲ្យអ្នកទាំងពីរខ្វះខាតអ្វីឡើយ។ 14ត្រូវឲ្យបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ ឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។
15ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។
សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អុលឡោះ។
ទើបបានជ្រើសរើសហើយ៖
ទីតុស 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.