រ៉ូម 8

8
ជីវិត​រួម​ជា​មួយ​រស‌អុលឡោះ
1ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ឥត​មាន​ទោស​ពៃរ៍​ទៀត​ឡើយ 2ដ្បិត​ហ៊ូកុំ​របស់​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប និង​ពី​សេចក្ដី​ស្លាប់។ 3ការ​អ្វី​ដែល​ហ៊ូកុំ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ហ៊ូកុំ​នោះ​ទៅ​ជា​អស់​ឫទ្ធិ អុលឡោះ​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប អុលឡោះ​បាន​ចាត់​បុត្រា​នៃ​ទ្រង់ ឲ្យ​មក​មាន​និស្ស័យ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល។ 4អុលឡោះ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​ការ​តំរូវ​របស់​ហ៊ូកុំ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ តែ​រស់​នៅ​តាម​រស‌អុលឡោះ​វិញ 5ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់‌ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​រស‌អុលឡោះ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់‌ទង​នឹង​រស‌អុលឡោះ។ 6ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​រស‌អុលឡោះ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ដ​វិញ 7ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​អុលឡោះ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថភាព​នឹង​ចុះ​ចូល​បាន​ផង។ 8អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ចិត្ត​អុលឡោះ​បាន​ឡើយ។
9ចំពោះ​បង​ប្អូន ដោយ​រស​របស់​អុលឡោះ​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន បង​ប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​រស‌អុលឡោះ។ អ្នក​ណា​គ្មាន​រស​របស់​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​អុលឡោះ​ទេ។ 10ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​បង​ប្អូន ទោះ​បី​រូប​កាយ​របស់​បង​ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​រស‌អុលឡោះ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បង​ប្អូន​ដែរ មក​ពី​អុលឡោះ​ប្រោស​បង​ប្អូន​ឲ្យ​បាន​សុចរិត។ 11ប្រសិន​បើ​រស​របស់​អុលឡោះ ដែល​បាន​ប្រោស​អ៊ីសា​ឲ្យ​បាន​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​មែន​នោះ អុលឡោះ​ដែល​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង​ប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​រស‌អុលឡោះ​ដែល​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​នោះ​ដែរ។
12ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង​តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។ 13ប្រសិន​បើ​បង​ប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បង​ប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​ពឹង​ផ្អែក​លើ​រស‌អុលឡោះ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍​បង​ប្អូន​មុខ​តែ​មាន​ជីវិត 14ដ្បិត​អស់​អ្នក​ដែល​រស​របស់​អុលឡោះ​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។ 15បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​អុលឡោះ។ ដោយ‌សារ​រស‌អុលឡោះ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!» ឱ​អុលឡោះ​ជា​បិតា! 16គឺ​រស‌អុលឡោះ​ផ្ទាល់​ដែល​ផ្ដល់​សក្ខី‌ភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន។ 17ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​អុលឡោះ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុង‌រឿង​រួម​ជា​មួយ​គាត់​ដែរ។
សិរី‌រុង‌រឿង​នៅ​អនាគត​កាល
18ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុង‌រឿង ដែល​អុលឡោះ​សំដែង​ឲ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​បាន​ឡើយ។ 19អ្វីៗ​សព្វ​សារពើ​ដែល​អុលឡោះ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​អុលឡោះ​នឹង​បង្ហាញ​បុត្រ​របស់​ទ្រង់ 20ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ តែ​មិន​មែន​ដោយ​ចិត្ដ​ឯង​ទេ គឺ​អុលឡោះ​បាន​តំរូវ​ដូច្នេះ។ ពិភព​លោក​នៅ​តែ​មាន​សង្ឃឹម​ថា 21អុលឡោះ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្ដរាយ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុង‌រឿង​នៃ​បុត្រ​របស់​អុលឡោះ។ 22យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ដ្រី​ដែល​ហៀប​នឹង​សំរាល​កូន។ 23មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​អំណោយ​ទាន​ដំបូង​របស់​រស‌អុលឡោះ ក៏​ថ្ងូរ​ក្នុង​ចិត្ដ ទាំង​ទន្ទឹង​រង់‌ចាំ​អុលឡោះ​ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ទ្រង់ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ 24ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ​តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បានអ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។ 25ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ដ​ព្យាយាម។
26យ៉ាង​ណា​មិញ រស‌អុលឡោះ​ក៏​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​ទូរអា​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​សម​នោះ​ឡើយ តែ​រស‌អុលឡោះ​ផ្ទាល់ ទ្រង់​អង្វរ​ឲ្យ​យើង ដោយ​សំឡេង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។ 27រីឯ​អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​មនុស្ស ទ្រង់​ជ្រាប​បំណង​របស់​រស‌អុលឡោះ ព្រោះ​រស‌អុលឡោះ​អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ស្រប​តាម​បំណង​របស់​ទ្រង់។
28យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់ បាន​ទទួល​ផល​ល្អ គឺ​អ្នក​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ទ្រង់ 29ដ្បិត​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​បុត្រា​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​បុត្រា​បាន​ទៅ​ជា​រៀម​ច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។ 30អស់​អ្នក​ដែល​អុលឡោះ​បាន​តំរូវ​ទុក​ជា​មុន​នោះ ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​នោះ ទ្រង់​ក៏​រាប់​ឲ្យ​គេ​បាន​សុចរិត រីឯ​អស់​អ្នក​ដែល​ទ្រង់​រាប់​ឲ្យ​បាន​សុចរិត ទ្រង់​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុង‌រឿង​ដែរ។
ចិត្ត​ស្រឡាញ់​ដ៏​លើស‌លប់​របស់​អុលឡោះ
31បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​អុលឡោះ​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? 32អុលឡោះ​ពុំ​បាន​ទុក​បុត្រា​របស់​ទ្រង់​ផ្ទាល់​ទេ គឺ​អុលឡោះ​បាន​បញ្ជូន​បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ អុលឡោះ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់ មក​យើង​រួម​ជា​មួយ​បុត្រា​នោះ​ដែរ។ 33តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស បើ​អុលឡោះ​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ហើយ​នោះ? 34តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​បាន​ស្លាប់ ហើយ​ជា​ពិសេស​គាត់​បាន​រស់​ឡើង​វិញ នៅ​ខាង​ស្ដាំ​អុលឡោះ ជា​បិតា និង​អង្វរ​ឲ្យ​យើង​ដូច្នេះ? 35តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ចិត្ត​ស្រឡាញ់​របស់​អាល់ម៉ា‌ហ្សៀស​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? 36ដូច​មាន​ចែង​ទុក​មក​ថាៈ
ព្រោះ​តែ​ទ្រង់
គេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលា
ហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំ
ដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់​
37ក៏​ប៉ុន្ដែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជំនះ​លើស​ពី​អ្នក​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ​អុលឡោះ‌ជាអម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ 38ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ម៉ាឡា‌អ៊ីកាត់​ក្ដី វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី 39អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្ដី នៅ​ស្ថាន​ក្រោម​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​អុលឡោះ​បង្កើត​មក​ក្ដី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ដែល​ទ្រង់​បាន​សំដែង​ឲ្យ​យើង​ឃើញ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​នៃ​យើង​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 8: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល