រ៉ូម 15
15
ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ដ
1ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។ 2យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចំរើនឡើង 3ដ្បិតអាល់ម៉ាហ្សៀសពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ចិត្តរបស់គាត់ផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលទ្រង់ បានធ្លាក់មកលើខ្ញុំ»។ 4អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគីតាបជួយសំរាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។ 5សូមអុលឡោះដែលជួយសំរាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបងប្អូនរួមគ្នា មានចិត្ដគំនិតតែមួយ ស្របតាមអាល់ម៉ាហ្សៀសអ៊ីសា 6ដើម្បីឲ្យបងប្អូនមានចិត្ដថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
ដំណឹងល្អសម្រាប់ប្រជាជាតិទាំងអស់
7ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យបានដូចអាល់ម៉ាហ្សៀសទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ 8ខ្ញុំសូមជម្រាបបងប្អូនថា អាល់ម៉ាហ្សៀសបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលខតាន់ដើម្បីសម្រេចតាមបន្ទូល ដែលអុលឡោះបានសន្យាចំពោះបុព្វបុរស និងសំដែងចិត្តសច្ចៈរបស់អុលឡោះ។ 9រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដោយទ្រង់សំដែងចិត្តមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ
«ហេតុនេះហើយបានជាខ្ញុំសរសើតម្កើង ទ្រង់
ក្នុងចំណោមប្រាជាជាតិនានា
ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់»។
10មានចែងទៀតថាៈ
«ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ
ជាមួយប្រជារាស្ដ្ររបស់ទ្រង់ទៅ!» ។
11ហើយមានចែងទៀតថាៈ
«ជាតិសាសន៍ទាំងឡាយអើយ
ចូរកោតសរសើរអុលឡោះជាអម្ចាស់
ត្រូវឲ្យប្រជារាស្ដ្រផងទាំងពួង
ច្រៀងសរសើរទ្រង់»។
12ណាពីអេសាយក៏មានប្រសាសន៍ថាៈ
«ពូជរបស់លោកអ៊ីសាយនឹងមកដល់
គាត់នឹងក្រោកឡើង
ដើម្បីដឹកនាំជាតិសាសន៍នានា
ហើយជាតិសាសន៍ទាំងនោះ
នឹងសង្ឃឹមលើគាត់»។
13សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
សកម្មភាព និងគម្រោងការរបស់លោកប៉ូល
14បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្ដសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។ 15ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលអុលឡោះប្រោសប្រទានមកខ្ញុំ 16ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។ 17ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ចំពោះកិច្ចការដែលខ្ញុំបានធ្វើជូនអុលឡោះ 18ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលអាល់ម៉ាហ្សៀសបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសំដីក្ដី ឬតាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់អុលឡោះនោះឡើយ។ 19អុលឡោះសំដែងអំណាចនៃទីសំគាល់ និងការអស្ចារ្យ ទ្រង់សំដែងអំណាចរបស់រសអុលឡោះ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់អាល់ម៉ាហ្សៀសសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។ 20ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្ដប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮនាមអាល់ម៉ាហ្សៀសនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ 21គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ
«អស់អ្នកដែលមិនទាន់បានទទួលដំណឹង
អំពីគាត់ មុខជាឃើញ
ហើយអស់អ្នកដែលមិនទាន់បានឮ
មុខជាបានយល់»។
គម្រោងការរបស់លោកប៉ូលធ្វើដំណើរទៅក្រុងរ៉ូម
22ការនេះហើយ ដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។ 23ប៉ុន្ដែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង 24នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថា នឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។ 25ប៉ុន្ដែ ពេលនេះខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏បរិសុទ្ធ 26ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។ 27បងប្អូនទាំងនោះបានសម្រេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ 28ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ 29ខ្ញុំដឹងថាពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងពរគ្រប់យ៉ាងរបស់អាល់ម៉ាហ្សៀសមកជាមួយផង។
30បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីរសអុលឡោះថា សូមតយុទ្ធជាមួយខ្ញុំដោយអង្វរអុលឡោះឲ្យខ្ញុំផង 31ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏បរិសុទ្ធនៅក្រុងយេរូសាឡឹម បានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។ 32ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូន ទាំងសប្បាយចិត្ដ ហើយប្រសិនបើអុលឡោះគាប់ចិត្ត ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ 33សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដ នៅជាមួយបងប្អូនទាំងអស់គ្នា! អាម៉ីន!។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 15: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.