រ៉ូម 14
14
អូមាត់អ៊ីសាត្រូវយល់អធ្យាស្រ័យគ្នា
1ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ 2បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ 3មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតអុលឡោះទទួលអ្នកនោះដែរ។ 4តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្ដែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតអ៊ីសាជាអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។
5មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ 6ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពអ៊ីសាជាអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគដើម្បីគោរពអ៊ីសាជាអម្ចាស់ ដ្បិតគេអរគុណអុលឡោះ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពអ៊ីសាជាអម្ចាស់ ហើយគេក៏អរគុណអុលឡោះដែរ 7ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ 8ដ្បិតបើយើងរស់ យើងរស់សម្រាប់អ៊ីសាជាអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់អ៊ីសាជាអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងប្រគល់ខ្លួនទៅអ៊ីសាជាអម្ចាស់ជានិច្ច 9ដ្បិតអាល់ម៉ាហ្សៀសបានស្លាប់ និងបានរស់ឡើងវិញ ដើម្បីធ្វើជាអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ 10រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់អុលឡោះ 11ដ្បិតមានចែងទុកមកថាៈ
អុលឡោះជាអម្ចាស់មានបន្ទូលថា
ពិតដូចយើងរស់យ៉ាងណា
មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង
ហើយប្រកាសទទួលស្គាល់យើងយ៉ាងនោះដែរ។
12ដូច្នេះ យើងត្រូវរៀបរាប់ប្រាប់អុលឡោះនូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ដ។
កុំធ្វើឲ្យបងប្អូនបាត់បង់ជំនឿឡើយ
13ហេតុនេះហើយ បានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្ដថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្ដបាត់ជំនឿនោះឡើយ។ 14ដោយខ្ញុំរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនហាឡាល់ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនហាឡាល់ ទើបក្លាយទៅជាមិនហាឡាល់ ចំពោះអ្នកដែលថានោះ។ 15ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្ដព្រោះតែរឿងអាហារ នោះបានសេចក្ដីថាអ្នកមិនប្រព្រឹត្ដតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះអាល់ម៉ាហ្សៀសបានស្លាប់សម្រាប់គេហើយ។ 16អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាបានឡើយ 17ដ្បិតនគររបស់អុលឡោះ មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និងអំណរដែលមកពីរសអុលឡោះដ៏វិសុទ្ធ។ 18អ្នកណាបម្រើអាល់ម៉ាហ្សៀសរបៀបនេះ អ្នកនោះនឹងបានគាប់ចិត្តអុលឡោះ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ 19ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ 20មិនត្រូវបំផ្លាញកិច្ចការរបស់អុលឡោះ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិតអ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្ដែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលឲ្យអ្នកផ្សេងជំពប់ចិត្ដ បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្ដការអាក្រក់ទៅវិញ។ 21ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្ដបាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ 22អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះអុលឡោះទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! 23ផ្ទុយទៅវិញ អ្នកណាមានចិត្ដសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះ មិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿសុទ្ធតែជាអំពើបាបទាំងអស់។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 14: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.