រ៉ូម 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ធ្វើ​ជា​សាវ័ក និង​ជ្រើស​រើស​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់។ 2ដំណឹង‌ល្អ​នេះ អុលឡោះ​បាន​សន្យា​ទុក​ជា​មុន​ក្នុង​គីតាប តាម​រយៈ​ពួក​ណាពី​របស់​ទ្រង់ 3ស្ដី​អំពី​បុត្រា​របស់​ទ្រង់។ បើ​គិត​តាម​មនុស្ស​គាត់​ប្រសូត​មក​ក្នុង​ពូជ‌ពង្ស​របស់​ទត 4តែ​បើ​គិត​តាម​រស‌អុលឡោះ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​បរិសុទ្ធ​វិញ អុលឡោះ​បាន​តែង‌តាំង​អ៊ីសា ជា​បុត្រា​នៃ​ទ្រង់​ប្រកប​ដោយ​អំណាច ដោយ​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។
5តាម​រយៈ​បុត្រា គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ យើង​ខ្ញុំ​បាន​ទទួល​សេចក្តី​ប្រណី‌សន្តោស និង​មុខ‌ងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្ដិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​នាម​គាត់។ 6បង​ប្អូន​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។
7សូម​ជម្រាប​មក​បង​ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​អុលឡោះ​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។
សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជាអម្ចាស់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន!។
លោក​ប៉ូល​មាន​បំណង​ទៅ​សួរ​សុខ​ទុក្ខ​អូមាត់‌អ៊ីសា​នៅ​ក្រុង​រ៉ូម
8ជា​បឋម​ខ្ញុំ​សូម​អរ​គុណ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ព្រោះ​តែ​បង​ប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន​ក្នុង​សកល​លោក​ទាំង​មូល។ 9អុលឡោះ​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ អំពី​បុត្រា​របស់​ទ្រង់​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជា‌និច្ច 10គ្រប់​ពេល​ខ្ញុំ​ទូរអា សូម​អុលឡោះ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន បើ​ទ្រង់​គាប់​ចិត្ត។ 11ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បង​ប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​អំណោយ​ទាន​ណា​មួយ​របស់​រស‌អុលឡោះ​ជូន​បង​ប្អូន ឲ្យ​បង​ប្អូន​បាន​មាំ‌មួន​ឡើង 12គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បង​ប្អូន​ទាំង​ខ្ញុំ។
13បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បង​ប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្ដែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។ 14ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។ 15ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ មក​ជូន​បង​ប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ 16ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ 17ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។
ទោស​របស់​មនុស្ស​លោក
18អុលឡោះ​សំដែង​កំហឹង​ពី​សូរ៉កា​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍ ទ្រង់​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ដ ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក 19ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​អុលឡោះ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​អុលឡោះ​បាន​សំដែង​ឲ្យ​គេ​ឃើញ។ 20លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​អុលឡោះ​ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​អំណាច​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្ដី ឬ​ឋានៈ​របស់​ទ្រង់​ជា​ម្ចាស់​ក្ដី អុលឡោះ​បាន​សំដែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​នៅ​ពេល​ណា​ដែល​គេ​រិះ‌គិត​អំពី​ស្នា​ដៃ​របស់​ទ្រង់។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ 21ដ្បិត​គេ​បាន​ស្គាល់​អុលឡោះ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ឲ្យ​សម​នឹង​ឋានៈ​របស់​ទ្រង់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​គុណ​អុលឡោះ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះ‌គិត​របស់​ខ្លួន ហើយ​ចិត្ដ​ល្ងី‌ល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ​សុង​ដែរ។ 22គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។ 23គេ​មិន​បាន​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។ 24ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ដ​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ដ​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។ 25ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ ជា​ជាង​អុលឡោះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​អុលឡោះ​បង្កើត មក​ជំនួស​គោរព​បម្រើ​អុលឡោះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​អុលឡោះ​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!។ 26ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ដ​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ 27រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះ‌បង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើប​ស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ដ​អំពើ​ដែល​គួរ​ឲ្យ​អៀន​ខ្មាស រវាង​ប្រុស​នឹង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។
28ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​អុលឡោះ​យ៉ាង​ច្បាស់ ទ្រង់​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ដ។ 29ចិត្ដ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ដ​ច្រណែន​ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ច‌កល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ដ​បរិហារ​កេរ្ដិ៍​គ្នា 30និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ មាន​ចិត្ដ​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ដ​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ 31ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ដ​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ដ មិន​ចេះ​អាណិត​អាសូរ។ 32ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​អុលឡោះ​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ដ​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ដ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​បែប​នោះ​ផង​ដែរ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល