វិវរណៈ 7

7
ប្រជា‌រាស្ដ្រ​របស់​អុលឡោះ
1ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។ 2បន្ទាប់​មក ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ផង។ ម៉ាឡា‌អ៊ីកាត់​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែនដី និង​សមុទ្រ​ថា៖ 3«សូម​កុំ​អាល​ធ្វើ​ទុក្ខ​ទោស​ផែនដី​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ចាំ​យើង​បោះ​ត្រា​សំគាល់​លើ​ថ្ងាស​ពួក​អ្នក​បម្រើ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ហើយ​សិន»។ 4ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សំគាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ 5មាន​ត្រា​សំគាល់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូដា មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​រូបេន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​កាដ 6មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ 7មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ 8មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់​យូឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យូសុះ និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សំគាល់។
ប្រជា‌ជន​ដ៏​ច្រើន​កុះ‌ករ​នៅ​មុខ​បល្ល័ង្ក
9ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង​ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។ 10គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ដែល​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។ 11ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ទាំង​ប៉ុន្មាន​ដែល​ឈរ​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​ពួក​អះលី‌ជំអះ និង​ជុំ‌វិញ​សត្វ​មាន​ជីវិត​ទាំង​បួន នាំ​គ្នា​ក្រាប​នៅ​មុខ​បល្ល័ង្ក ទាំង​អោន​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​អុលឡោះ 12ហើយ​ពោល​ថា៖ «អាម៉ីន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​ប្រាជ្ញា‌ញាណ សូម​អរ​គុណ សូម​លើក​តម្កើង​កិត្ដិ‌នាម អំណាច និង​ឥទ្ធិ‌ឫទ្ធិ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!»។
13អះលី‌ជំអះ​ម្នាក់​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។ 14ខ្ញុំ​ក៏​ជម្រាប​គាត់​ថា៖ «លោក​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ឈាម​របស់​កូន​ចៀម។ 15ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​អុលឡោះ និង​គោរព​បម្រើ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ជំរំ‌សក្ការៈ​របស់​ទ្រង់។ 16ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កំដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ 17ដ្បិត​កូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក គាត់​នឹង​ឃ្វាល​ពួក​គេ គាត់​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​អុលឡោះ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 7: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល