វិវរណៈ 22
22
1ម៉ាឡាអ៊ីកាត់បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀម។ 2នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។ 3ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ទ្រង់នាំគ្នាគោរពថ្វាយបង្គំទ្រង់ 4គេនឹងឃើញមុខទ្រង់ ហើយនៅលើថ្ងាសគេក៏មានដៅនាមទ្រង់ដែរ។ 5នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
សេចក្ដីដាស់តឿនផ្សេងៗ
6ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ អុលឡោះតាអាឡាជាម្ចាស់ដែលប្រទានរសរបស់ទ្រង់ដល់ពួកណាពី ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យមកប្រាប់ពួកអ្នកបម្រើទ្រង់ដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។
7អ៊ីសាមានប្រសាសន៍ប្រាប់ថាៈ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្ដិតាមសេចក្ដីដែលមានថ្លែងទុកក្នុងគីតាបនេះ អ្នកនោះមានសុភមង្គលហើយ!”»។
8ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំគាត់ 9ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយអ្នកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកណាពី ដែលជាបងប្អូនរបស់អ្នក និងជាមួយអស់អ្នកប្រតិបត្ដិតាមសេចក្ដីដែលមានចែងក្នុងគីតាបនេះដែរ។ ត្រូវថ្វាយបង្គំអុលឡោះវិញ!»។ 10ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់ សេចក្ដីដែលមានថ្លែងទុកក្នុងគីតាបនេះឲ្យសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ 11អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្ដអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្ដភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្ដអំពើសុចរិតថែមទៀតចុះ! រីឯអ្នកបរិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែបរិសុទ្ធថែមទៀតចុះ!។ 12អ៊ីសាមានប្រសាសន៍ថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 13យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។ 14អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។ 15រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ! 16យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
17រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។
សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។
អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!
18ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮបន្ទូលនៃអុលឡោះ ថ្លែងទុកក្នុងគីតាបនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ អុលឡោះនឹងយកគ្រោះកាច ដែលមានរៀបរាប់ក្នុងគីតាបនេះ មកដាក់លើអ្នកនោះថែមទៀតផង 19ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីបន្ទូលនៃអុលឡោះ ដែលមានថ្លែងទុកក្នុងគីតាបនេះ អុលឡោះក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងគីតាបនេះឡើយ។
20គាត់ដែលបានបញ្ជាក់សេចក្ដីទាំងនេះ គាត់និយាយថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ីន! អ៊ីសាជាអម្ចាស់អើយ សូមអញ្ជើញមក!។
21សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាជាអម្ចាស់!។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 22: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.