វិវរណៈ 21
21
ផ្ទៃមេឃថ្មី និងផែនដីថ្មី
1ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ 2បន្ទាប់មក ខ្ញុំឃើញក្រុងបរិសុទ្ធជាក្រុងយេរូសាឡឹមថ្មី ចុះពីសូរ៉កា គឺចុះមកពីអុលឡោះ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ 3ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ជំរំសក្ការៈរបស់អុលឡោះស្ថិតនៅជាមួយមនុស្សលោកហើយ! ទ្រង់នឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ទ្រង់ ហើយអុលឡោះផ្ទាល់នឹងនៅជាមួយពួកគេ។ 4ទ្រង់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
5ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចទ្រង់មានបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។ 6ទ្រង់មានបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះដោយគេមិនបាច់បង់ថ្លៃឡើយ។ 7អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។ 8ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
ក្រុងយេរូសាឡឹមថ្មី
9បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរពេញទៅដោយគ្រោះកាចទាំងប្រាំពីរ ចុងក្រោយបង្អស់បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។ 10ម៉ាឡាអ៊ីកាត់នោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីសូរ៉កា គឺចុះមកពីអុលឡោះ។ 11ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់អុលឡោះ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ 12ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានម៉ាឡាអ៊ីកាត់ដប់ពីរនាក់ និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែលដែរ។ 13នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។ 14កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះសាវ័កទាំងដប់ពីររបស់កូនចៀម។
15ម៉ាឡាអ៊ីកាត់ដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ 16ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ម៉ាឡាអ៊ីកាត់បានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងពីពាន់ពីរយម្ភៃគីឡូម៉ែត្រ។ បណ្ដោយ ទទឹង និងកំពស់ មានប្រវែងស្មើៗគ្នា។ 17ម៉ាឡាអ៊ីកាត់បានវាស់កំពែងដែរ ឃើញមានកំពស់មួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្សលោក ដូចរង្វាស់ម៉ាឡាអ៊ីកាត់ដែរ។ 18កំពែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយទីក្រុងធ្វើពីមាសសុទ្ធ ដែលភ្លឺថ្លាដូចកែវសុទ្ធ។ 19គ្រឹះរបស់កំពែងក្រុង មានតុបតែងទៅដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង គ្រឹះទីមួយធ្វើពីត្បូងមណីជោតិរស គ្រឹះទីពីរធ្វើពីត្បូងកណ្ដៀង គ្រឹះទីបីធ្វើពីត្បូងមោរ៉ា គ្រឹះទីបួនធ្វើពីកែវមរកត 20គ្រឹះទីប្រាំធ្វើពីត្បូងដៃរគៀម គ្រឹះទីប្រាំមួយធ្វើពីត្បូងទទឹម គ្រឹះទីប្រាំពីរធ្វើពីត្បូងប៊ុតលឿង គ្រឹះទីប្រាំបីធ្វើពីត្បូងបេរីល គ្រឹះទីប្រាំបួនធ្វើពីត្បូងថៃលឿង គ្រឹះទីដប់ធ្វើពីត្បូងកែវយក់ គ្រឹះទីដប់មួយធ្វើពីត្បូងនិលរ័ត្ន គ្រឹះទីដប់ពីរធ្វើពីត្បូងជម្ពូរ័ត្ន។ 21ទ្វារទាំងដប់ពីរធ្វើពីកែវមុក្ដាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្ដាតែមួយដុំ។ លានរបស់ក្រុងធ្វើពីមាសសុទ្ធ ភ្លឺថ្លាដូចកែវ។
22ខ្ញុំពុំឃើញមានម៉ាស្ជិទនៅក្នុងទីក្រុងទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាម៉ាស្ជិទរបស់ក្រុងនោះ។ 23ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។ 24ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្ដេចនានានឹងនាំរាជ្យទ្រព្យចូលមកក្នុងក្រុងនោះដែរ ។ 25ទ្វារក្រុងមិនដែលបិទនៅពេលថ្ងៃឡើយ ហើយនៅទីនោះគ្មានយប់ទេ។ 26គេនឹងនាំយកភោគទ្រព្យ និងអ្វីៗដ៏មានតម្លៃរបស់ជាតិសាសន៍នានា មកដាក់ក្នុងក្រុងនោះ។ 27គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្ដអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហកក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 21: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.