វិវរណៈ 18
18
ក្រុងបាប៊ីឡូនរលំ
1ក្រោយមក ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ម៉ាឡាអ៊ីកាត់នោះភ្លឺចាំងមកលើផែនដី។ 2គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអ៊ីព្លេសជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម 3ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែអំណាចនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។
4ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ដ្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ 5ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ អុលឡោះនៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។ 6ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ដ បើគេប្រព្រឹត្ដយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ! 7ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កំរិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្ដថាៈ“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ដ្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។ 8ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយអំណាច។ 9ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។ 10ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្ដរាយអស់”។ 11ពេលនោះ ពួកឈ្មួញនៅលើផែនដី ក៏នាំគ្នាយំសោក និងកាន់ទុក្ខ ព្រោះតែក្រុងនេះដែរ ដ្បិតគ្មាននរណាទិញទំនិញរបស់ខ្លួនទៀតឡើយ 12ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ធ្វើពីលង្ហិន ធ្វើពីដែក និងធ្វើពីថ្មកែវ 13សំបកសម្បុរល្វែង។ 14ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថាៈ “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះ រសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។ 15ពួកឈ្មួញដែលរកស៊ីមានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុង ទាំងយំសោក និងកាន់ទុក្ខទៀតផង។ 16គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាសត្បូង និងពេជ្រតុបតែងខ្លួន! 17ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាននាំគ្នានៅពីចម្ងាយ។ 18ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។ 19គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
20សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
21ពេលនោះ ម៉ាឡាអ៊ីកាត់ម្នាក់ដ៏មានអំណាចបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។ 22គេនឹងលែងឮសំឡេងតូរ្យតន្ដ្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។ 23ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង 24ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកណាពី ឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 18: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.