វិវរណៈ 17

17
ការ​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា
1បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។ 2ស្ដេច​នៅ​ផែនដី​បាន​នាំ​គ្នា​ប្រាស‌ចាក​សីល‌ធម៌​ជា​មួយ​ស្ដ្រី​នោះ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម​គុណ​ជា​មួយ​នាង​ដែរ»។
3ម៉ាឡា‌អ៊ីកាត់​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​នាំ​ទៅ​កាន់​វាល​រហោ‌ស្ថាន។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ស្ដ្រី​ម្នាក់​អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ ដែល​មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ពេញ​ខ្លួន​វា ជា​ឈ្មោះ​ប្រមាថ​អុលឡោះ។ សត្វ​នោះ​មាន​ក្បាល​ប្រាំ​ពីរ និង​មាន​ស្នែង​ដប់។ 4ស្ដ្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុប‌តែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរ‌ពេញ​ទៅ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កាម​គុណ​ដ៏​ថោក​ទាប​របស់​នាង។ 5នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន ជា​ម្ដាយ​របស់​ពួក​ស្ដ្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។ 6ខ្ញុំ​ឃើញ​ស្ដ្រី​នោះ​ស្រវឹង​ឈាម​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ឈាម​អស់​អ្នក​ដែល​ជា​បន្ទាល់​របស់​អ៊ីសា។ ពេល​ឃើញ​ស្ដ្រី​នោះ ខ្ញុំ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់។ 7ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ងឿង‌ឆ្ងល់​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង​អត្ថន័យ​ដ៏​អាថ៌‌កំបាំង​អំពី​ស្ដ្រី​នោះ និង​អំពី​សត្វ​ដែល​នាង​ជិះ មាន​ក្បាល​ប្រាំ​ពីរ និង​ស្នែង​ដប់។ 8សត្វ​ដែល​អ្នក​ឃើញ​នោះ នៅ​សម័យ​ដើម​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​ឡើង​ពី​នរ៉កា‌អវិចី​មក រួច​វា​នឹង​វិនាស​បាត់​ទៅ​វិញ។ ពេល​ឃើញ​សត្វ​នោះ មនុស្ស‌ម្នា​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក នឹង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​នៅ​សម័យ​ដើម​វា​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​លេច​មក​សា​ជា​ថ្មី។ 9ត្រង់​នេះ តោង​យក​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មក​រិះ‌គិត​ទើប​យល់ៈ ក្បាល​ប្រាំ​ពីរ សំដៅ​ទៅ​លើ​ភ្នំ​ទាំង​ប្រាំ​ពីរ​ដែល​ស្ដ្រី​នោះ​អង្គុយ​លើ ហើយ​ក៏​សំដៅ​ទៅ​លើ​ស្ដេច​ទាំង​ប្រាំ​ពីរ​នាក់​ដែរ។ 10ស្ដេច​ប្រាំ​បាន​ធ្លាក់​រាជ្យ​បាត់​ទៅ​ហើយ ស្តេច​មួយ​ទៀត កំពុង​តែ​គ្រង​រាជ្យ ហើយ​ស្តេច​មួយ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់​គាត់​នឹង​គ្រង​រាជ្យ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ 11រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំ​ពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។ 12ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ សំដៅ​ទៅ​លើ​ស្ដេច​ដប់​ដែល​ពុំ​ទាន់​បាន​ទទួល​រាជ្យ​សម្បត្តិ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​នឹង​ទទួល​អំណាច ធ្វើ​ជា​ស្ដេច​បាន​មួយ​ម៉ោង​រួម​ជា​មួយ​សត្វ​តិរច្ឆាន។ 13ស្ដេច​ទាំង​នោះ​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា គឺ​ប្រគល់​កំលាំង និង​អំណាច​ខ្លួន ទៅ​ឲ្យ​សត្វ​តិរច្ឆាន។ 14ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​គាត់​ជា​អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ស្តេច លើ​ស្តេច​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។
15ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «មហា​សមុទ្រ​ដែល​អ្នក​បាន​ឃើញ គឺ​មហា​សមុទ្រ​ដែល​ស្ដ្រី​ពេស្យា​អង្គុយ​លើ​នោះ សំដៅ​ទៅ​លើ​ប្រជា‌រាស្ដ្រ មហា‌ជន ជាតិ​សាសន៍ និង​ភាសា​នានា។ 16រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ដ្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ជ្រងំ​ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង 17ដ្បិត​អុលឡោះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ដ ធ្វើ​តាម​ផែន​ការ​របស់​ទ្រង់ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ្យ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​បន្ទូល​របស់​អុលឡោះ បាន​សម្រេច​គ្រប់​ប្រការ។ 18រីឯ​ស្ដ្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែនដី»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 17: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល