វិវរណៈ 15
15
ម៉ាឡាអ៊ីកាត់ប្រាំពីររូប និងគ្រោះកាចចុងក្រោយ
1បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃ ជាទីសំគាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានម៉ាឡាអ៊ីកាត់ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើឲ្យអុលឡោះឈប់ខឹង។
2បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និងឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់អុលឡោះ 3ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖
«ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! 4ឱអុលឡោះជាអម្ចាស់អើយ តើមាននរណាមិនគោរពកោតខ្លាចនាមទ្រង់! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃនាមទ្រង់! ដ្បិតមានតែទ្រង់ប៉ុណ្ណោះជាម្ចាស់ដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ដ្បិតគេបានឃើញច្បាស់ថា ទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌»។
5ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញម៉ាស្ជិទនៅសូរ៉កា ដែលមានជំរំសក្ការៈនៃសក្ខីភាពបើកទ្វារចំហ។ 6ម៉ាឡាអ៊ីកាត់ទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញពីម៉ាស្ជិទមក មានសម្លៀកបំពាក់ ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ 7សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន បានប្រគល់ពែងមាសប្រាំពីរ ជូនម៉ាឡាអ៊ីកាត់ទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយកំហឹងរបស់អុលឡោះ ដែលនៅអស់កល្បជាអង្វែងតរៀងទៅ។ 8ម៉ាស្ជិទក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់អុលឡោះ និងពីអំណាចរបស់ទ្រង់ ហើយគ្មាននរណាអាចចូលទៅក្នុងម៉ាស្ជិទបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 15: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.