វិវរណៈ 14

14
កូន​ចៀម និង​អស់​អ្នក​ដែល​គាត់​បាន​លោះ
1ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​នៅ​ជា​មួយ​គាត់ អ្នក​ទាំង​នេះ​មាន​ឈ្មោះ​កូន​ចៀម និង​នាម​អុលឡោះ‌ជាបិតា​របស់​គាត់​ចារ​នៅ​លើ​ថ្ងាស។ 2ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ដ្រី។ 3អ្នក​ទាំង​នេះ​ច្រៀង​ចំរៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​អះលី‌ជំអះ។ គ្មាន​នរណា​ម្នាក់​អាច​រៀន​ចំរៀង​នោះ​ចេះ​ឡើយ លើក‌លែង​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​អុលឡោះ​បាន​លោះ​ពី​ផែនដី​មក។ 4អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ដ្រីៗឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​គាត់​ដែរ។ គាត់​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ជូន​អុលឡោះ និង​ជូន​កូន​ចៀម 5ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។
ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស
6ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ហោះ​កណ្ដាល​អាកាស​វេហាស៍ ម៉ាឡា‌អ៊ីកាត់​នោះ​នាំ​ដំណឹង‌ល្អ​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ផែនដី។ 7ម៉ាឡា‌អ៊ីកាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​អុលឡោះ និង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដ្បិត​ដល់​ពេល​ទ្រង់​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។
8មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត មក​តាម​ក្រោយ​ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ី‌ឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម​គុណ​ដ៏​ថោក​ទាប​បំផុតរបស់​វា!»។
9មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ជា​ម៉ាឡា‌អ៊ីកាត់​ទី​បី មក​តាម​ក្រោយ ពោល​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន​នោះ និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ 10អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​អុលឡោះ ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ និង​នៅ​ចំពោះ​មុខ​របស់​កូន​ចៀម។ 11ផ្សែង​ភ្លើង​ដែល​ធ្វើ​ឲ្យ​គេ​រង‌ទុក្ខ​ទោស ហុយ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សំគាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាក‌ស្រាន្ដ​ឡើយ»។
12ដូច្នេះ ប្រជា‌ជន​ដ៏‌បរិសុទ្ធ គឺ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់​អុលឡោះ និង​កាន់​តាម​ជំនឿ​របស់​អ៊ីសា ត្រូវ​មាន​ចិត្ដ​ព្យាយាម។
13ខ្ញុំ​ឮ​សំឡេង​មួយ បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅៈ អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ពិត​ជា​មាន​សុភមង្គល​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! រស‌អុលឡោះ​មាន​បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។
ការ​ច្រូត​កាត់ និង​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ
14ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស អង្គុយ​លើ​ពពក​នោះ។ គាត់​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។ 15មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ចេញ​ពី​ម៉ាស្ជិទ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​គាត់​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​អ្នក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែនដី​ទុំ ល្មម​ច្រូតហើយ»។ 16ពេល​នោះ អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។
17មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ចេញ​ពី​ម៉ាស្ជិទ​នៅ​សូរ៉កា​មក គាត់​ក៏​មាន​កាំបិតមួយ​ដ៏​មុត​ដែរ។ 18ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​អ្នក មក​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។ 19ម៉ាឡា‌អ៊ីកាត់​នោះ​បោះ​កាំបិត​របស់​គាត់​មក​លើ​ផែនដី ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ផែនដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​គាត់​បោះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​កំហឹង​ដ៏​ខ្លាំង​របស់​អុលឡោះ។ 20បន្ទាប់​មក គេ​យក​ធុង​ចេញ​ទៅ​ក្រៅ​ទី‌ក្រុង ដើម្បី​បញ្ជាន់​ផ្លែ ពេល​នោះ មាន​ឈាម​ហូរ​ចេញ​ពី​ធុង​មក​មាន​កំពស់​ត្រឹម​មាត់​សេះ ចម្ងាយ​ប្រមាណ​បី​រយ​គីឡូម៉ែត្រ។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 14: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល