វិវរណៈ 10

10
ម៉ាឡា‌អ៊ីកាត់​ប្រគល់​ក្រាំង​មួយ​តូច​ឲ្យ​យ៉ូហាន
1ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ខ្លាំង​ពូកែ​ម្នាក់​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក​ព័ទ្ធ​ជុំ‌វិញ​ខ្លួន មាន​ឆព្វណ្ណ‌រង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះ‌អាទិត្យ ហើយ​ជើង​គាត់​ដូច​សសរ​ភ្លើង។ 2ដៃ​គាត់​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ គាត់​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។ 3គាត់​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ដូច​សឹង្ហ​គ្រហឹម ហើយ​ពេល​ម៉ាឡា‌អ៊ីកាត់​នោះ​បន្លឺ​សំឡេង ផ្គរ​ទាំង​ប្រាំ​ពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។ 4ពេល​ផ្គរ‌លាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក​ស្រាប់​តែ​ឮ​សំឡេង​មួយ ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​ប្រាំ​ពីរ​បាន​ថ្លែង​នោះ​ឲ្យ​ជិត កុំ​សរសេរ​ទុក​ឡើយ»។ 5រីឯ​ម៉ាឡា‌អ៊ីកាត់​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​លើ​មេឃ 6ហើយ​ស្បថ ក្នុង​នាម​អុលឡោះ​ដែល​នៅ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ គឺ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ 7នៅ​គ្រា​ណា​ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ពីរ​បន្លឺ​សំឡេង​ឡើង គឺ​នៅ​ពេល​គាត់​ចាប់​ផ្ដើម​ផ្លុំ​ត្រែ អុលឡោះ​នឹង​សម្រេច​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ទ្រង់ ដូច​ទ្រង់​បាន​ប្រទាន​ដំណឹង‌ល្អ​ទុក​ជា​មុន តាម​រយៈ​ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់»។
8បន្ទាប់​មក សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ ក៏​ពោល​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖ «សូម​អញ្ជើញ​ទៅ​យក​ក្រាំង​តូច​បើក​ស្រាប់ ក្នុង​ដៃ​ម៉ាឡា‌អ៊ីកាត់​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។ 9ខ្ញុំ​ក៏​ដើរ​ទៅ​រក​ម៉ាឡា‌អ៊ីកាត់​នោះ ទាំង​សុំ​ឲ្យ​គាត់​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ គាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ពោះ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។ 10ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ម៉ាឡា‌អ៊ីកាត់​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។ 11បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 10: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល